សង្គម

កំឡុងសប្តាហ៍នេះ ប្រទេសកម្ពុជានឹងមានភ្លៀងលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

ភ្នំពេញ ៖ ក្នុងអំឡុងសប្តាហ៍នេះ ពោល​គឺចាប់ពីថ្ងៃទី ២៧ ខែមេសា ដល់ថ្ងៃទី ៣ ខែឧសភា ឆ្នាំ២០២២ ព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ខ្សោយ ពីប៉ាស៊ីហ្វិក ជាមួយនិងឥទ្ធិពលពីជ្រលងសម្ពាធទាប រុញច្រានពីមហាសមុទ្រឥណ្ឌា។

បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់ថា ស្ថានភាពនេះ​នឹង​ធ្វើ​ឱ្យ​បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ °C ដោយចាប់ពីថ្ងៃទី២៧-២៨ ខែមេសា នឹងអាចមានភ្លៀងដោយអន្លើក្នុងកម្រិតពីខ្សោយទៅមធ្យម។ បរិមាណភ្លៀងនឹងកើនឡើង លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

សម្រាប់បណ្តាខេត្តដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C- សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C ដោយចាប់ពីថ្ងៃទី២៧-២៨ ខែមេសា អាចមានភ្លៀងដោយអន្លើក្នុងកម្រិតពីខ្សោយទៅមធ្យម។ បរិមាណភ្លៀងនឹងកើនឡើង លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

ដោយឡែក តំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕