ក្នុងសេចក្តីជូនដំណឹង ដែលចេញផ្សាយកាលពីរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យអញ្ជើញទៅទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ដូសទី៣ ឬដូសជំរុញ ដោយថា វាជា «វ៉ាក់សាំងកាតព្វកិច្ច» នៅក្នុងរាជធានីភ្នំពេញ។
បើតាមរដ្ឋបាលរាជធានីភ្នំពេញ ក្នុងករណីចាំបាច់ ខ្លួននឹងធ្វើការរឹតបន្តឹងការត្រួតពិនិត្យសុពលភាពបណ្ណចាក់វ៉ាក់សាំងកូវីដ១៩ ឬបណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឬលិខិតបញ្ជាក់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដោយមិនអនុញ្ញាតឱ្យបុគ្គលណាមួយដែលគ្មានបណ្ណចាក់វ៉ាក់សាំងកូវីដ១៩ ឬមានបណ្ណចាក់វ៉ាក់សាំងដែលគ្មានសុពលភាពសម្រាប់ដូសទី៣ ឬដូសជំរុញ ចូលក្នុងបរិវេណទីតាំងបិទជិត ដូចជា រោតចក្រ-សហគ្រាស អាជីវកម្មដ្ឋាន មណ្ឌលកម្សាន្ត ផ្សាររដ្ឋ ផ្សារឯកជន ផ្សារម៉ាត ភោជនីយដ្ឋាន អាហារដ្ឋាន ហាងកាហ្វេ និងគ្រឹះស្ថានសិក្សាជាដើម។