(តាកែវ) ៖ ពលរដ្ឋជាអ្នកលក់ដូរតាមកញ្ជើកញ្រ្ចែងល្អីនៅជុំវិញផ្សារណាត់ខេត្តតាកែវបានថ្លែងថា លោក ឡោ ជំនិត ដែលជាអ្នកវិនិយោគផ្សារមួយនេះ បានវាស់ផ្លូវជុំវិញផ្សារលក់ឲ្យពួកគាត់ ក្នុង១ម៉ែត្រកន្លះ ១៥០ដុល្លារក្នុងមួយឆ្នាំ។
ប្រជាពលរដ្ឋបាននិយាយថា លោក ឡោ ជំនិត នេះ គឺជំនាញណាស់ខាងលក់តូបផ្សារ ដោយកន្លងមកធ្លាប់មានក្រុមអាជីវករខេត្តតាកែវផ្ទុះការតវ៉ាផ្អើលរត់ជាន់គ្នារួចមកហើយ រឿងសង់ផ្សារថ្មីធ្វើតូបលក់ឲ្យអាជីវករក្នុងតម្លៃរាប់ម៉ឺនដុល្លារក្នុង១តូបៗតែត្រូវបរាជ័យវិញ។ ស្រាប់តែពេលនេះ លោក ឡោ ជំនិត បានបង្ខំពួកគាត់ឲ្យបង់លុយ១៥០ដុល្លារជាថ្លៃទិញតូប តែមិនមែនតូបនៅក្នុងផ្សារនោះទេ គឺជាវាស់ផ្លូវរដ្ឋជុំវិញផ្សារណាត់ជាង៣០០ម៉ែត្រលក់ឲ្យពួកគាត់។
ពលរដ្ឋបាននិយាយថា ពីមុនពួកគាត់តែងយកលក់ត្រីបន្លែដែររកបានមកលក់នៅជុំវិញផ្សារណាត់ ដោយមិនចាំបាច់បង់លុយនោះទេ តែឥលូវស្រាប់តែលោក ឡោ ជំនិត មកបង្ខំឲ្យពួកគាត់ទិញតូបជាដីផ្លូវរបស់រដ្ឋទៅវិញ ពួកគាត់ពិតជាមិនសុខចិត្តទេ ហើយបើចៅហ្វាយខេត្តមិនរកយុត្តិធម៏អោយពួកគាត់ទេ នោះពួកគាត់នឹងប្ដឹងទៅសម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីឲ្យជួយរកយុត្តិធម៏ជូនពួកគាត់ហើយ។
ពាក់ពន្ធ័ករណីនេះ លោក ឡោ ជំនិត មិនទទួលទូរស័ព្ទរបស់អ្នកសារព័ត៌មានឡើយ ខណៈលោក កង អាណាន់ចៅហ្វាយក្រុងដូនកែវ ក៏បដិសេធមិនឆ្លើយ ដោយលោកទទួលទូរសព្ទ័អ្នកសារព័ត៌មានដែលលោកស្គាល់តែប៉ុណ្ណោះ៕