សង្គម

បែកធ្លាយអំពើពុករលួយរបស់ប្រធានពន្ធដារខេត្តកណ្ដាលគាបយកលុយពីការផ្ទេរកម្មសិទ្ធ

(កណ្ដាល)៖ លោក នុត វុត្ថា ប្រធានសាខាពន្ធដារ ខេត្តកណ្ដាល បានរងការរិះគន់ពីសំណាក់ពលរដ្ឋអ្នកលក់ដី អ្នករកស៊ីផ្នែកអចលនទ្រព្យ ជាពិសេស អ្នកកាន់ឯកសារ រត់ការផ្ទេរកម្មសិទ្ធដីធ្លីតែម្ដង។

ពួកគេបានរិះគន់ថា លោក នុត វុត្ថា និងបក្ខពួកបានផ្អឹបឯកសារបង់ពន្ធផ្ទេរកម្មសិទ្ធ ទុករយៈពេលយូរាប់ខែ..ដើម្បីគាបយកលុយពីអ្នកប្រញាប់ ជាក់ស្ដែង ពលរដ្ឋលក់ដីធ្លីក្នុងមួយប្លង់ៗ ត្រូវបង់លុយអស់ច្រើនទ្វេដង ១គុណជា២ និងគុណជា៣ ឯណោះ បើប្រៀបធៀប និងចំនួនប្រាក់ដែលបង់ចូលរដ្ឋជាក់ស្ដែង!។

ក្នុងនោះលិខិតផ្ទេរកម្មសិទ្ធបង់ពន្ធប្រថាប់ត្រា នៅស្រុកស្អាង ចំនួន៥សន្លឹក ដែល ចុះហត្ថលេខាកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១។
សរុបប្រាក់ដែលត្រូវបង់ចូលរដ្ឋ នៅលើលិខិតទាំង៥ច្បាប់នោះ តែជាង៤.០០០$(បួនពាន់ដុល្លារ)ទេ។ ប៉ុន្តែលោក នុត វុត្ថា ទារយកពីម្ចាស់ដីបានសម្រេច ចំនួន១.០៥០០$(មួយម៉ឺនប្រាំរយដុល្លារ)។

មិនត្រឹមតែប៉ុណ្ណោះ សូម្បីលិខិតបង់ពន្ធផ្ទេរកម្មសិទ្ធ នៅស្រុកស្អាង ចុះថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២។ ទឹកប្រាក់បង់ចូលរដ្ឋ នៅក្នុងលិខិតចំនួន១.៩៣៤.៤០០រៀល ពោលគឺមិនដល់៥០០$(ប្រាំរយដុល្លារ)ផង។

ប៉ុន្តែម្ចាស់ដីបង់អស់ចំនួន១.០០០$(មួយពាន់ដុល្លារ) គឺមន្ត្រីពន្ធដារ ខេត្តកណ្ដាល ស៊ីជាងពាក់កណ្ដាល លើសតម្លៃបង់ចូលរដ្ឋ។

ចំពោះដីស្រែតូចៗ ដែលត្រូវផ្ទេរកម្មសិទ្ធ ទំហំចាប់ពី៥០០ម៉ែត្រការ៉េ ទៅ៤.០០០ម៉ែត្រការ៉េ។ ក្នុងមួយប្លង់ៗ ត្រូវបង់លុយក្រោមតុ.ជូនមន្ត្រីពន្ធដារ ខេត្តកណ្ដាល ចាប់ពី ២៥០$ ទៅ៥០០$ ក្នុង១ប្លង់ៗ ខណៈប្រាក់បង់ចូលរដ្ឋ គិតបន្ថែមទៀតទៅតាមតម្លៃនិងទីតាំងជាក់ស្ដែង ។

ទន្ទឹមនិងនោះ ឯកសារភាគច្រើន មន្ត្រីពន្ធដារខេត្តកណ្ដាល គេម៉ៅការយកសរុបតែម្ដង ដោយ១គុណជា៣ នៃចំនួនបង់ពន្ធចូលរដ្ឋ ឧទាហរណ៍បើបង់ពន្ធអស់១.០០០$ គេម៉ៅយកពីម្ចាស់ដីឬអ្នករត់ឯកសារចំនួន ៣.០០០$។

ការម៉ៅការសរុបបែបនេះ គឺមន្ត្រីបានសន្យាធ្វើឯកសារបង់ពន្ធ អោយរួចរាល់ក្នុងរយៈពេលចាប់ពី០៧ថ្ងៃ ទៅ១៥ថ្ងៃ។

ប៉ុន្តែបើយើងដាក់ឯកសារត្រង់ៗ ចូលពន្ធដារ ដោយមិនមានអ្នករត់ការ ឬមិនបានបង់លុយក្រោមតុ តាមកំណត់ទេ មិនដឹង ថ្ងៃណា ខែណា ឯកសារបង់ពន្ធរួចរាល់នោះទេ..?

អ្នកកាន់ឯកសារម្នាក់ទៀតនៅស្រុកខ្សាច់កណ្ដាល បានលើកឡើងថា៖សម្រាប់ដីស្រែ ដែលត្រូវផ្ទេរកម្មសិទ្ធក្នុង១ហិកតា បង់លុយក្រោមតុ ជូនមន្ត្រីពន្ធដារ ចាប់ពី៧០០$ទៅ១.០០០$ ជាកំហិត!។ ដោយប្រាក់បង់ចូលរដ្ឋ គិតបន្ថែមទៀតទៅតាមតម្លៃនិងទីតាំងតំបន់..!។

ចំណែកដីលំនៅដ្ឋាន ដែលត្រូវផ្ទេរកម្មសិទ្ធ មន្ត្រីពន្ធដារខេត្តកណ្ដាល កំណត់យកលុយក្រៅផ្លូវការច្រើនជាងដីស្រែ។

ឧទាហរណ៍ បើដីនោះទំហំ ១.០០០ម៉ែត្រការ៉េ ប្រាក់ត្រូវបង់ចូលរដ្ឋចំនួន១.០០០$(មួយពាន់ដុល្លារ)។ គឺមន្ត្រីនឹងកំណត់យក សរុបចំនួន៣.០០០$(បីពាន់ដុល្លារ) ពោលគឺយកច្រើន១គុណជា៣។

កត្តាទាំងនេះហើយ បណ្ដាលឱ្យពលរដ្ឋ អ្នកលក់ដី អ្នករកស៊ីផ្នែកអចលនទ្រព្យ ជាពិសេស អ្នកកាន់ឯកសារ រត់ការផ្ទេរកម្មសិទ្ធដីធ្លី។
រអ៊ូរទាំនិងរិៈគន់ជាខ្លាំង រឿងរត់ការផ្ទេរកម្មសិទ្ធ អស់លុយច្រើនសន្ធឹកសន្ធាប់ ។ ហើយបើទោះបីជាត្រូវបង់លុយក្រោមតុ ច្រើន បែបនោះក្ដី ប៉ុន្តែគ្មានជម្រើសឡើយ ។ គឺម្នាក់ៗត្រូវបង្ខំចិត្តបង់លុយគ្រប់ៗគ្នា ព្រោះថា៖ បើពួកខ្លួនមិនបង់លុយក្រោមតុជូនមន្ត្រីទេ មិនដឹងខែណា ឆ្នាំណា.ផ្ទេរកម្មសិទ្ធរួចនោះឡើយ??។

ស្របពេលតម្រូវការ នៃការផ្ទេរកម្មសិទ្ធ អចលនទ្រព្យដីធ្លី នៅខេត្តកណ្ដាល ច្រើនកុះករ! ។ ទើបមន្ត្រីពន្ធដារ ខេត្តកណ្ដាល មានឱកាស ផ្អឹបរាល់ឯកសារ អត់លុយក្រោមតុ ទុកចោលរយៈពេលវែង។

រាល់ការចោទប្រកាន់ ខាងលើ គ្រាន់តែជាប្រភពតែម្ខាងប៉ុណ្ណោះ ប៉ុន្តែការពិតឬយ៉ាងណានោះ។

ពាក់ព័ន្ធជាមួយបញ្ហានេះអង្គភាពយើងមិនអាចសុំការបំភ្លឺពី លោក នុត វុត្ថា ប្រធានសាខាពន្ធដារ ខេត្តកណ្ដាលនោះបានទេដោយសារពុំមានលេខទូរស័ព្ទ អង្គភាពយើងរង់ចាំទទួលការបកស្រាយ រៀងរាល់ម៉ោងធ្វើការ។

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299