(តាកែវ) ៖ នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តតាកែវ១រូបកំពុងរងបណ្ដឹងពីបទប្រើកាំភ្លើងខ្លីគម្រាមថានិងសម្លាប់។
បើយោងតាមរបាយការពីសមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោង១៨និង៤០នាទីថ្ងៃទី២៣ ខែមេសាឆ្នាំ២០២២ នៅចំនុចការស៊ីណូភ្នំដិន ស្ថិតក្នុងភូមិផ្សាឃុំភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ មានជនសង្ស័យម្នាក់ឈ្មោះ ទុន ឧត្តម (ហៅ ហេង) អាយុ៥០ឆ្នាំ មានតួនាទីជានាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តតាកែវបានដកកាំភ្លើងខ្លីធ្វើសកម្មភាពគម្រាមសម្លាប់ទៅលើជនរងគ្រោះឈ្មោះ ធា គីរី ភេទប្រុស អាយុ៤២ឆ្នាំជាសន្តិសុខកាស៊ីណូភ្នំដិន ដោយមូលហេតុដណ្ដើមនារីលក់កាហ្វេនៅជាប់កាស៊ីណូ។
ពាក់ពន្ធ័ករណីខាងលើនេះ លោក ហ៊ិន សុខេង ស្នងការរងទទួលផែនព្រហ្មទណ្ឌ័ នៃស្នងការនគរបាលខេត្តតាកែវបានមានប្រសាសន៍ថា ពិតជាមានករណីនេះកើតឡើងពិតមែន តែលោកកំពុងឲ្យខាងអធិការស្រុកគីរីវង់កសាងសំណុំរឿងបញ្ជូនមក ។ ចំណែករឿងឃាត់ខ្លួនជនសង្ស័យ លោកមិនទាន់បានដឹងនៅឡើយទេ ដោយទុកឲ្យខាងអធិការស្រុកចាត់ការទៅតាមផ្លូវច្បាប់។
បើតាមប្រភពច្បាស់ការបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ទុន ឧត្តម (ហៅ ហេង) មានតួនាទីជានាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តតាកែវមិនដែលចូលធ្វើការទេ ហើយធ្លាប់មានប្រវត្តិសម្លាប់មនុស្ស និងមានរឿងអាស្រូវបាញ់បោះជាញឹកញាប់ឆ្លងកាត់ស្នងការខេត្តតាកែវបីជំនាន់មកហើយ តែចាំមើលលើកនេះវាសនារបស់លោកនាយរងការិយាល័យរូបនេះនឹងមានវាសនាបែបណាចំពោះផ្លូវច្បាប់៕