សង្គម

សម្តេចតេជោ ដឹកនាំគណៈប្រតិភូ​ទៅកាន់ប្រទេសជប៉ុន ចូលរួមកិច្ចប្រជុំកំពូល ស្តីពីបញ្ហាទឹកតំបន់អាស៊ី-ប៉ាស៊ីហ្វិកលើកទី៤ នៅប្រទេសជប៉ុន

នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានដឹកនាំ គណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល លើកទី៤ ស្តីពី «បញ្ហាទឹកនៅតំបន់ អាស៊ី-ប៉ាស៊ីហ្វិក» ក្រោមមូលបទ «ទឹក សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព៖ ឧត្តមានុវត្តន៍ និងអ្នកបន្ត វេនជំនាន់ក្រោយ» ដែលនឹង ប្រព្រឹត្តទៅនៅថ្ងៃទី ២៣-២៤ ខែមេសា ឆ្នាំ២០២២ នៅទីក្រុងខឹម៉ាមូតុ ប្រទេស ជប៉ុន ។

តាមកម្មវិធីដែលបានគ្រោងទុក នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ នៅចំពោះមុខប្រមុខរាជ/រដ្ឋាភិបាល និងឥស្សរជន នយោបាយ ព្រមទាំងតំណាងអង្គការជាតិ និងអង្គការអន្តរជាតិ ជាច្រើនរូប សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះនៅក្នុងកិច្ចប្រជុំកំពូល ដោយផ្តោតលើសារសំខាន់នៃទឹក និងបញ្ហានានាពាក់ព័ន្ធនឹងទឹក ក៏ដូចជាតម្រូវការចាំបាច់ក្នុងការធ្វើការជាមួយគ្នា ដើម្បីគ្រប់គ្រង ធនធានដ៏ចាំបាច់នេះ ប្រកបដោយចីរភាព។

ក្រៅពីនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី និងលោកគីស៊ីដា ហ្វឹមីអូ នាយករដ្ឋមន្រ្តីជប៉ុន នឹងមានកិច្ចប្រជុំទ្វេភាគី ដើម្បីពង្រឹង និងលើកកម្ពស់បន្ថែមទៀតនូវទំនាក់ ទំនង និង កិច្ចសហប្រតិបត្តិការរវាងប្រទេស ទាំងពីរ។ នាយករដ្ឋមន្រ្តីទាំងពីរ ក៏នឹងធ្វើជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃកិច្ច សហប្រតិបត្តិការរវាងក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា និងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន ផងដែរ។

ជាមួយគ្នានោះ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងជួបពិភាក្សាការងារ ទ្វេភាគីជាមួយលោក ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត ឡាវ និងទទួលជួបការសម្តែងការគួរសមពីសំណាក់ ឥស្សរជន នយោបាយ និងធុរជន ជប៉ុនមួយចំនួនផងដែរ។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលស្តីពីបញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក (APWS) ត្រូវបានបង្កើតឡើងជាលើកដំបូងក្នុងអំឡុងពេលវេទិកាទឹកពិភពលោកលើកទី៤ ដែលធ្វើឡើងនៅទីក្រុងម៉ិកស៊ិចកូ ប្រទេសម៉ិកស៊ិចកូ ក្នុងឆ្នាំ២០០៦ នៅពេលដែលអតីតនាយករដ្ឋមន្ត្រីជប៉ុន Ryutaro Hashimoto បានអំពាវនាវឱ្យមានការបង្កើតវេទិកាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ជាវេទិកាមួយដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាពនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក អំពីទស្សនទានស្តីអំពីទឹក៕