កម្លាំងសមត្ថកិច្ចចម្រុះខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា គេបានចុះឃាត់ទុក នូវគ្រឿងចក្រធុនធំ ចំនួន ៥ គ្រឿង ក្នុងនោះមាន ប៊ុលដូហ្សែ ចំនួន១គ្រឿង និងរថយន្តបែនដឹកដី ចំនួន ៤ គ្រឿង ពាក់ព័ន្ធនឹងការដឹកជញ្ជូន និងចាក់ដី និងរុញពង្រាបដី លុបបឹង នៃតំបន់ដែននេសាទ នៅចំណុចបឹងជាលា ស្ថិតក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ។
ការចុះឃាត់គ្រឿងចក្រ និងរថយន្តដឹកដី ខាងលើនេះ បានធ្វើឡើង នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ នេះ ដោយមានការបញ្ជាផ្ទាល់ ពីលោក អ៊ិត សុធា ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តកំពង់ឆ្នាំង ដឹកនាំកម្លាំងដោយលោក ឡុង ស៊ីថា ព្រះរាជអាជ្ញារង និងចូលរួមសហការ ដោយកម្លាំងនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង និងកម្លាំងសមត្ថកិច្ច រដ្ឋបាលជលផល។
លោក តាត សីហាក់ នាយផ្នែករដ្ឋបាលជលផល ផ្សារឆ្នាំង បានឲ្យដឹងថា ការឃាត់គ្រឿងចក្រ និងរថយន្តដឹកដី ខាងលើនេះ ដោយសារតែក្រុមរថយន្តដឹកដី និងគ្រឿងចក្រនោះ ដឹកដីចាក់លុបបឹង ដែលជាដែននេសាទ ដើម្បីសួរកលិខិតស្នាម តែអ្នកបើកបរគ្រឿងចក្រ ថាមានលិខិតស្នាម តែនៅម្ចាស់ ជាអ្នករត់ការ តែមិនដឹងនៅឯណា ។
បច្ចុប្បន្ន គ្រឿងចក្រ និងរថយន្តដឹកដីទាំងនោះ ត្រូវបាននាំយកមករក្សាទុក នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង និងរៀបចំកសាងសំណុំរឿង ចាត់ការបន្ត តាមនីតិវិធី៕