ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃនេះ បានចេញសេចក្តីជូនដំណឹង ដោយប្រាប់ទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបញ្ឈប់ការប្រើប្រាស់ សាប៊ូលម្អងក្បាលល្មៀតខ្មែរ ជាផលិតផលរបស់របស់គ្រឹះស្ថានអាហរ័ណ នីហរ័ណ ផលិតផលគ្រឿងសម្អាង ភ្នំទ្រទ្រង់ ក្រោយពីក្រសួងបានរកឃើញថា មានផ្ទុកសារធាតុគីមីបារត លើសកម្រិតបទដ្ឋានស្តង់ដារបច្ចេកទេសកំណត់ ដែលអាចបង្កឱ្យមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់សុខភាពស្បែក និងអាយុជីវិត។
ជាមួយគ្នានេះ ក្រសួងក៏បានប្រាប់ទៅដល់គ្រឹះស្ថានអាហរ័ណ នីហរ័ណ ផលិតផលគ្រឿងសម្អាង ភ្នំទ្រទ្រង់ ដែលកំពុងធ្វើការចែកចាយផលិតផលនេះ ត្រូវធ្វើការប្រមូល សាប៊ូលម្អងក្បាលល្មៀតខ្មែរ ទាំងអស់ពីទីផ្សារ ដើម្បីធ្វើការកម្ទេចចោល។ ហើយករណីបងប្អូនប្រជាពលរដ្ឋជួប ឬប្រទះឃើញជនណាកំពុងចែកចាយ ឬលក់ សាប៊ូលម្អងក្បាលល្មៀតខ្មែរ សូមប្រញាប់ផ្តល់ព័ត៌មាន ទៅកាន់នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខាពេទ្យ និងគ្រឿងសំអាង តាមរយៈលេខទូរស័ព្ទ ០១២ ៣៥៥ ១៦១, ០១១ ៥៧៤ ៧៨៧៕