បើតាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ឱ្យដឹងថា ក្នុងកំឡុងសប្តាហ៍ខាងមុខនេះ ប្រទេសកម្ពុជានឹងទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ និងកម្រិតសម្ពាធទាបខ្សោយ ដែលនឹងធ្វើឱ្យស្ទើរទូទាំងប្រទេសមានភ្លៀងក្នុងកម្រិតពីខ្សោយ ទៅមធ្យម។
ក្នុងនោះសម្រាប់បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ហើយកន្លែងខ្លះក៏អាចមានភ្លៀងច្រើនជាបង្គួរផងដែរ។
សម្រាប់បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យមដោយអន្លើ លាយឡំ ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។
ដោយឡែកតំបន់មាត់សមុទ្រវិញ អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំ ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ក្នុងនោះខេត្តកោះកុង អាចទទួលនូវបរិមាណទឹកភ្លៀងច្រើនជាងគេ៕