តាកែវ ៖ តាមការអោយដឹងពីពលរដ្ឋរស់នៅជុំវិញទន្លេបាទី បានឱ្យដឹងថា ទន្លេបាទីដែលជាទីរម្មណីយដ្ឋានប្រវត្តសាស្រ្ត មានផ្ទៃដីបឹងលាតសន្ធឹងពីស្រុកបាទី ដល់ជាប់ស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលនឹងជាប់ស្រុកបាទីខេត្តតាកែវ មានទទឹង១០០០ម៉ែត្រ និងបណ្ដោយ៧០០០ម៉ែត្រ ជាអាងស្តុបទឹកទ្រទ្រង់ដល់ប្រាង្គប្រាសាទប្រវត្តិសាស្រ្ត។
ពលរដ្ឋថា បច្ចុប្បន្នផ្ទៃអាងបឹងទន្លេបាទីបានរួមតូចជាង៤០ភាគរយហើយ ពោលគឺទទឹងសល់ត្រឹមតែ៧០០ម៉ែត្ររីឯបណ្ដោយសល់ត្រឹមតែ៥០០០ម៉ែត្រនោះទេ ដោយសាតែក្រុមអ្នកមានលុយមានអំណាចច្បាមយក ដោយខ្លះបានចាក់ដីលុបបឹងជាបន្តបន្ទាប់ ដោយតាមដឹងបុគ្គលអ្នកច្បាមយកសុទ្ធតែមន្រ្តីគ្រាក់ៗថែមទៀតផង ដោយមានឋានៈរហូតដល់អភិបាលរងខេត្ត។
ក្រុមប្រជាពលរដ្ឋបានលើកឡើងថា ពួកគាត់ចង់ឃើញប្រមុខរាជរដ្ឋាភិបាលប្រើវិធានការក្តៅសង្គ្រោះបឹងទន្លេបាទីនេះ ឱ្យដូចរាជរដ្ឋាភិបាលកំពុងធ្វើនៅបឹងទន្លេសាប ដោយយកអ្នកពាក់ពន្ធ័មកផ្ដន្ទាទោសតាមច្បាប់។
ចំពោះករណីនេះ លោក ញឹប ស្រ៊ន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវបានថ្លែងថា រឿងដីបឹងទន្លេបាទីមិនស្ថិតក្រោមការគ្រប់គ្រងរបស់លោកទេ គឺពាក់ព័ន្ធជំនាញច្រើនណាស់ ហើយបើអ្នកកាសែតចង់ដឹងច្បាស់ សូមសួរទៅអាជ្ញាធរស្រុកគេទៅគេដឹងហើយ ព្រោះមូលដ្ឋានគេជាអ្នកគ្រប់គ្រង។
ដោយឡែកលោក ភួន ឈីម អភិបាលស្រុកបាទី យើងមិនអាចទាក់ទងសុំការបំភ្លឺបានទេ ដោយទូរសព្ទ័ចូលហើយលោកចុចបិទ៕