សង្គម

លោក ប្រាក់ សុខុន បង្ហាញដល់បណ្តាអង្គទូត និងស្ថានតំណាងបរទេសប្រចាំនៅកម្ពុជា ស្តីពីដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅមីយ៉ាន់ម៉ា

(ភ្នំពេញ) ៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ បានផ្តល់ព័ត៌មានជូនដល់បណ្តាអង្គទូត និងស្ថានតំណាងបរទេសប្រចាំនៅកម្ពុជា ស្តីពីដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅប្រទេសមីយ៉ាន់ម៉ា ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន។

តាមបណ្តាញសង្គមហ្វេសបុក លោកឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ដូច្នេះថា៖ «មិនខុសគ្នាពីសន្និសីទសារព័ត៌មាន កាលពីសប្តាហ៍មុន នៅពេលដែលខ្ញុំទើបត្រឡប់មកដល់កម្ពុជាវិញ ខ្ញុំបានផ្តល់នូវការវាយតម្លៃសង្ខេបលើបញ្ហានេះ និងទិសដៅអនាគតដែលយើងបានគ្រោងទុក។ យើងក៏កំពុងទន្ទឹងរង់ចាំដំណើរទស្សនកិច្ចនាពេលខាងមុខរបស់ខ្ញុំផ្ទាល់ ឬតំណាងរបស់ការិយាល័យប្រេសិតពិសេស ក្នុងស្មារតីជំរុញវឌ្ឍនភាពនៃការងារមួយនេះ»។

សូមបញ្ជាក់ថា លោក ប្រាក់ សុខុន ក្នុងតួនាទីជាប្រេសិតពិសេសនៃប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា បានទៅបំពេញទស្សនកិច្ចការងារលើកទី១ នៅប្រទេសនេះ កាលពីថ្ងៃទី២១-២៣ ខែមីនា ឆ្នាំ២០២២។

អំឡុងទស្សនកិច្ច ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជួបសម្តែងការគួរសមជាមួយ នាយឧត្តមសេនីយ៍ មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ព្រមទាំងជួបរដ្ឋមន្ត្រីសំខាន់ៗចំនួន ៣ រូបទៀត របស់មីយ៉ាន់ម៉ា ក្នុងនោះមាន លោក វុនណា ម៉ោង ល្វីន រដ្ឋមន្ត្រីការបរទេស, លោក កូ កូ ឡាំង រដ្ឋមន្រ្តីសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានក្រុមការងារស្តីពីជំនួយមនុស្សធម៌អាស៊ាន និង ឧត្តមសេនីយ៍ យ៉ា ព្យេ រដ្ឋមន្ត្រីការិយាល័យរដ្ឋាភិបាលសហព័ន្ធ និងជាប្រធានគណៈកម្មាធិការសាមគ្គីភាពជាតិ និងកសាងសន្តិភាពផងដែរ រួមទាំងបណ្តាតំណាងទូតនានានៅក្នុងប្រទេសនេះផងដែរ។

ក្នុងសន្និសីទកាសែតកន្លងទៅបន្ទាប់ពីប្រឡប់ពីប្រទេសមីយ៉ាន់ម៉ា លោកឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ភាគីពាក់ព័ន្ធនៅមីយ៉ាន់ម៉ា មិនទាន់ត្រៀមខ្លួនរួចរាល់ ក្នុងការចរចាបញ្ចប់ជម្លោះនៅឡើយទេ។ លោកបានស្នើភាគីពាក់ព័ន្ធមីយ៉ាន់ម៉ា អត់ធ្មត់ជាអតិបរមាចំពោះការប្រើប្រាស់កម្លាំងយោធា ដើម្បីបន្ថូរបន្ថយបរិយាកាសប្រទូសរ៉ាយគ្នា និងសម្របសម្រួលដល់ការផ្តល់ជំនួយមនុស្សធម៌។ ពាក់ព័ន្ធនឹងការស្នើជួប ភាគីខាង លោកស្រី អោង សាន ស៊ូជី គឺលោកឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា លោក មីន អោង ឡាំង នឹងពិចារណាក្នុងការអនុញ្ញាតឱ្យប្រេសិតពិសេសជួបលោកស្រី អោងសាន ស៊ូជី នៅថ្ងៃអនាគត៕