(ពោធិ៍សាត់) ៖ ប្រភពពីប្រជាពលរដ្ឋរស់ក្នុងស្រុកភ្នំក្រវ៉ាញ បានបង្ហើបប្រាប់មកអង្គភាពសារព័ត៌មានពេញចិត្តមេឌា ថា សព្វថ្ងៃនេះ មានក្រុមឈ្មួញមួយក្រុម ហើយគេស្គាល់ឈ្មោះច្បាស់បំផុតនោះ គឺឈ្មួញឈ្មោះ ពៅ បានប្រើប្រជាពលរដ្ឋធ្វើការដឹកជញ្ជូនឈើតាមរទេះក្របី ក៏ដូចជាគោយន្តកន្រ្តៃចេញពីក្នុងព្រៃមកដាក់ស្តុកនៅចំនុចផ្លូវអូដា និងផ្លូវទំនប់ទីបី ស្ថិតនៅក្នុងភូមិវាល ឃុំវាល ស្រុកភ្នំក្រវាញ ទាំងយប់ទាំងថ្ងៃ មុននឹងបន្តដឹកយកទៅដាក់នៅដេប៉ូឈ្មោះ ហុង ឯខេត្តពោធិ៍សាត់។
ប្រជាពលរដ្ឋបានបញ្ជាក់ថា សកម្មភាពដឹកជញ្ជូនឈើនេះ គេមិនដែលឃើញមន្រ្តីជំនាញរូបណាចុះធ្វើការបង្ក្រាបបានឡើយ ដោយពួកគាត់សង្ស័យថា ប្រហែលជាមានការឃុបឃិតគ្នាណាមួយរវាងឈ្មួញ និងមន្រ្តីពាក់ព័ន្ធហើយ ទើបបានជាគ្មានការបង្រ្កាបយ៉ាងនេះ ព្រោះថា ឈើទាំងនោះក្រុមឈ្មួញបានដឹកជញ្ជូនឆ្លងកាត់មុខស្នាក់ការបរិស្ថានតាងរ៉ាង ព្រមទាំងទីតាំងមន្រ្តីជំនាញដែលចាំចាប់បទល្មើសព្រៃឈើនៅម្តុំវត្តព្រៃខ្លុងថែមទៀតផង។
ចំពោះករណីនេះ លោក ចាប សៀកនី ប្រធានស្នាក់ការបរិស្ថានតាងរ៉ាង បានមានប្រសាសន៍ថា ពិតជាមានការដឹកជញ្ជូនឈើតាមគោយន្តកន្ត្រៃពិតប្រាកដមែន តែមិនបានដឹកឆ្លងកាត់មុខទីស្នាក់ការបរិស្ថានតាងរ៉ាងនោះទេ ដោយក្រុមឈ្មួញទុច្ចរិតទាំងនោះ ដឹកជញ្ជូនឈើនៅខាងក្រោមទីស្នាក់ការរបស់លោក ប្រហែលជា២គីឡូម៉ែត្រ ពីទីស្នាក់ការបរិស្ថានតាងរ៉ាង។ លោកថា មន្រ្តីលោកតែងតែយកចិត្តទុកដាក់ក្នុងការបង្ក្រាបទប់ស្កាត់បទល្មើសអនុផលព្រៃឈើទាំងនោះ តែដោយសារតែក្រុមឈ្មួញទុច្ចរិត មានបណ្ដាញច្រើន ទើបធ្វើឱ្យលោកបង្ក្រាបមិនបានសោះ៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299