សង្គម

សម្តេចក្រឡាហោម ឯកភាព​ឱ្យ​ប្រើ​កម្លាំង​ប្រជាការពារ សម្រាប់​ការពារសន្តិសុខថ្ងៃបោះឆ្នោត

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការអន្តរស្ថាប័នស្ដីពីកិច្ចការងារពិនិត្យបញ្ជីឈ្មោះ និងការបោះឆ្នោតថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ តាមប្រព័ន្ធវីដេអូនាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្ដិសុខអចិន្ដ្រៃយ៍សម្រាប់ការបោះឆ្នោត (គ.ស.អ) បានឯកភាពឱ្យប្រើប្រជាការពារ សម្រាប់ការពារសន្តិសុខក្នុងថ្ងៃបោះឆ្នោត នាពេលខាងមុខ។

សម្តេចក្រឡាហោម បានមានប្រសាសន៍ថា កម្លាំងនគរបាល និងកងរាជអាវុធហត្ថ គឺមិនគ្រប់គ្រាន់សម្រាប់ការិយាល័យបោះឆ្នោតដ៏ច្រើននោះទេ ដូច្នេះសម្តេចបានឯកភាព ឱ្យ​ប្រើកម្លាំង​ប្រជាការពារ ក៏ប៉ុន្តែ ប្រជាការពារទាំងអស់ ចាំបាច់ទទួលបានការបណ្តុះបណ្តាលអំពីគោលការណ៍សំខាន់មួយចំនួន លើផ្នែកច្បាប់ទម្លាប់ អាកប្បកិរិយា សីលធម៌ ក្នុងការបំពេញការងារ។

ជាមួយ​គ្នា​នៅ​ក្នុងកិច្ចប្រជុំនោះ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ត្រូវបានណែនាំខិតខំបំពេញមុខងារសាធារណៈរបស់ខ្លួនឱ្យបានម៉ត់ចត់ ច្បាស់លាស់ ក្នុងស្មារតីទទួលខុសត្រូវចំពោះមុខច្បាប់ ដោយគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្សគ្រប់រូប ព្រមទាំងត្រូវបញ្ចៀសឱ្យបានដាច់ខាតនូវអំពើហិង្សា ការបង្កអសន្តិសុខ និង អស្ថិរភាពសង្គម នៅក្នុងដំណាក់កាលទាំងមុន អំឡុងពេល និងក្រោយការបោះឆ្នោត។

ទន្ទឹមនឹងនេះ គ្រប់កម្លាំង និងមន្រ្តីមុខងារសាធារណៈទាំងអស់ ត្រូវបានណែនាំឱ្យប្រកាន់អព្យាក្រឹត្យភាព ការពារគ្រប់សកម្មភាពរបស់គណបក្សនយោបាយ ហើយមន្រ្តីនយោបាយទាំងអស់ ក៏មិនត្រូវប្រើធនធានរបស់រដ្ឋដើម្បីបម្រើសកម្មភាពនយោបាយដែរ៕