គិតមកទល់បច្ចុប្បន្ននេះ មានរថយន្តប្រមាណជិតកន្លះលានគ្រឿង មិនត្រូវបានម្ចាស់នាំយកមកពិនិត្យលក្ខណៈបច្ចេកទេស ឬក៏ធ្វើឆៀកនោះទេ ហើយបើតាមរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន រថយន្តដែលហួសសុពលភាពឆៀក នឹងត្រូវផាកពិន័យ១ថ្ងៃ៥០០រៀលសម្រាប់រថយន្តធុនតូច ហើយមួយថ្ងៃ២ពាន់រៀលសម្រាប់រថយន្តធុនធំ។
បើតាម លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា សព្វថ្ងៃនេះ ក្រសួងបានធ្វើការផាកពិន័យរថយន្តដែលផុតសុពលភាពឆៀកប្រមាណ ១៧ម៉ឺនគ្រឿងហើយ ដែលសរុបជាទឹកប្រាក់បានប្រមាណ ជាង៥លានដុល្លារ ហើយប្រាក់ទាំងនោះត្រូវបានបង្វិលចូលថវិកាជាតិ។
រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍បញ្ជាក់ថា នៅក្នុងមួយឆ្នាំៗកម្ពុជាខាតបង់ថវិកាប្រមាណ៤០០លានដុល្លារអាមេរិក ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ លើការខូចខាតទ្រព្យសម្បត្តិជាតិ ឯកជន តម្លៃមន្ទីរពេទ្យ និងពេលវេលាធ្វើការ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជាមានទីតាំងសម្រាប់ពិនិត្យបច្ចេកទេសយានយន្តសរុបចំនួន ១៩ទីតាំង ក្នុងនោះនៅរាជធានីភ្នំពេញចំនួន៧ទីតាំង និងនៅតាមទីរួមខេត្តចំនួន១២។ ក្រៅពីនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំនូវរថយន្តឆៀកចល័ត សម្រាប់បណ្តាខេត្ត និងតំបន់មួយចំនួនដែលមិនទាន់មានទីតាំងឆៀករថយន្តផងដែរ ដើម្បីជាការសម្រួលដល់បងប្អូនប្រជាពលរដ្ឋ៕