សង្គម

មន្ត្រីអាជ្ញាធរពាក់ព័ន្ធ រក្សាភាពស្ងៀមស្ងាត់ បណ្ដោយឱ្យរណ្តៅដីដ៏ធំមហិមា ដែលជីកគាស់កកាយដឹកយកអាចម៍ដីលក់ កំពុងតែធ្វើឱ្យពលរដ្ឋមានការព្រួយបារម្ភ !

បន្ទាយមានជ័យ÷  រណ្តៅដីដ៏ធំមហិមាមួយកន្លែងស្ថិតនៅចំណុចក្រោយវត្តសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវបានពពួកឈ្មួញជីកគាស់កកាយយកអាចម៍ដីទៅលក់ យកលុយដាក់ហោប៉ៅ ដោយមិនខ្វល់ពីផលប៉ះពាល់ដល់សុខសុវត្តិភាពពលរដ្ឋ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា៖ រណ្តៅដីមួយកន្លែងនេះ មានម្ចាស់ជាកូនលោកធំម្នាក់ និងបានប្រើគ្រឿងចក្រជាច្រើនគ្រឿង ជីកគាស់កកាយយកអាចម៍ដីលក់ ដោយមានជម្រៅជ្រៅដល់ក្បាលប្រែត បង្កឱ្យប្រជាពលរដ្ឋមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាពកូនចៅនិងគោក្របីធ្លាក់ចូលក្នុងរណ្តៅដីមួយនេះ។

ប្រភពបន្តទៀតថា៖ រណ្តៅដីដែលមានជម្រៅជ្រៅដល់ក្បាលប្រែតមួយកន្លែងនេះ កំពុងតែក្លាយជាកន្លែងមរណៈនៅថ្ងៃណាមួយជាក់ជាមិនខាន ហើយក្នុងមួយរយៈមកនេះក្រុមរថយន្តដឹកដីទាំងនោះកំពុងបើកបរធ្វើឲ្យធូលីដីហុយទៅលើផ្ទះរបស់ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវបង្កឲ្យប៉ះពាល់ដល់សុខមាលភាពប្រជាពលរដ្ឋយ៉ាងខ្លាំង ហើយនៅរដូវមានភ្លៀងធ្លាក់ធ្វើឱ្យរអិលដួល។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ពលរដ្ឋជាច្រើនបានសង្កេតឃើញថា មន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានម្នាក់ៗ កំពុងតែសម្ងំស្ងៀម ហាក់បីដូចជាបណ្តែតបណ្ដោយឲ្យឈ្មួញដែលគ្មានគោរពច្បាប់ទំលាប់ទាំងនោះជីកកកាយដឹកជញ្ជូនអាចម៍ដោយគឃ្លើន តើឲ្យពលរដ្ឋសង្ឃឹមអ្វី!

ចំណែកលោក យឹម សំណាង អភិបាលស្រុកអូរជ្រៅ ហាក់ដូចជាគ្មានចំណាត់ការទប់ស្កាត់ចំពោះក្រុមអាជីវកម្ម ដែលកំពុងជីកកាយដីលក់យកលុយទាំងនោះទាល់តែសោះ ដូចជាមានអ្វីលាក់បាំងខ្លាំងមែនទែន!

ទាក់ទិនករណីនេះដែរ ពលរដ្ឋជាច្រើនស្នើសុំដល់ លោក សុត វឌ្ឍនា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តបន្ទាយមានជ័យ សូមលោកមេត្តាដឹកនាំកម្លាំងចុះពិនិត្យវាស់វែង ចំពោះរណ្តៅដីយក្ស មួយកន្លែងខាងលើនេះផង ដើម្បីសុខទុក្ខពលរដ្ឋ។

ប្រជាពលរដ្ឋស្នើរដល់លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ សូមលោកជួយចេញបទបញ្ជាដល់មន្ត្រីជំនាញពាក់ព័ន្ធក្រោមឪវាទ ចុះបង្ក្រាបទប់ស្កាត់ករណីខាងលើនេះផងទាន៕