ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ២១ ពីក្រុងតាខ្មៅ ទៅកោះធំ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបញ្ជាក់ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ពីទីតាំងសម្រាប់ការស្ថាននាស្ពានមិត្តភាពកម្ពុជា-កូរ៉េ ។
បើតាមសម្តេចតេជោសែន ស្ពាននោះ គឺកសាងជាស្ពានខ្សែកាបយោងខ្ពស់ដោយគ្មានសរសរស្ពាន ចាប់ផ្ដើមពីផ្សាររាត្រី(ផ្សារចាស់) ឆ្លងកាត់ទន្លេសាប ទៅជ្រោយចង្វារ ហើយបន្តចេញពីជ្រោយចង្វារ ឆ្លងកាត់ទន្លេមេគង្គទៅកាន់អរិយក្សត្រតែម្ដង ពោលគឺមានកសាងស្ពានចំនួនពីរ។
«ជម្រើសនៃការសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ គឺមិត្តកូរ៉េបានយល់ព្រមជាមួយយើង ទៅលើការសិក្សា និងត្រៀមផ្ដល់ហិរញ្ញប្បទាន និងជំនួយឥសំណងសម្រាប់ការសាងសង់ស្ពាន ហើយបានសិក្សានូវជម្រើសជាច្រើន។ ឥឡូវខ្ញុំសូមជម្រាបអំពីជម្រើសដែលខ្ញុំបានសម្រេច ហើយក៏បាននិយាយជាមួយប្រធានាធិបតីសាធារណរដ្ឋកូរ៉េ ក្នុងពេលដែលខ្ញុំទស្សនកិច្ចនៅទីនោះឱ្យគាត់ជួយគាំទ្រ ហើយសង្ឃឹមថា ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េដែលទើបនឹងជាប់ឆ្នោតថ្មី ក៏នឹងគាំទ្រនេះផងដែរ»។
សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ដែរថា «នេះហើយជាផលប្រយោជន៍ នៃការដាក់ចំណងទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ ដែលខ្លួនខ្ញុំបានពុះពារត្រូវតែធ្វើឱ្យខាងតែបាន ហើយខ្ញុំមានមោទនភាពណាស់ ក្នុងឋានៈជាស្ថាបនិកនៃការបង្កើតទំនាក់ទំនងការទូតឡើងវិញ រវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ»។
សម្ដេចតេជោបានថ្លែងបញ្ជាក់ថា «ខ្ញុំកំពុងតែមានក្ដីស្រមៃថា ខ្ញុំនឹងធ្វើដំណើរលើស្ពានមិត្តភាពកម្ពុជា-កូរ៉េ នេះផងដែរ»៕