(តាកែវ) ៖ លោក ឌុក ធីយ៉ា អធិការនគបាលស្រុកត្រាំកក់ បានសម្តែងការភ្ញាក់ផ្អើល ក្រោយពីការចុះផ្សាយពីបណ្តាញសារព័ត៌មាននានា ពីទីតាំងល្បែងស៊ីសងតាមអនឡាញនៅក្នុងភូមិសាស្រ្តស្រុកត្រាំកក់យ៉ាងគគ្រឹគគគ្រេង ហើយបានបញ្ជាទៅកម្លាំងមូលដ្ឋានឱ្យពិនិត្យ និងធ្វើការបង្រ្កាបជាបន្ទាន់។
គួរបញ្ជាក់ដែរថា ល្បែងតាមប្រព័ន្ធអ៊ីនធើណេត ដែលរួមមានល្បែងឡូតូ និងជល់មាន់ ត្រូវបានក្រុមថៅកែលាក់មុខមួយរូបយកមកបើកធ្វើអាជីវកម្មភ្នាល់តាមតៀម តូបកាហ្វេក្នុងភូមិនានា នៃស្រុកត្រាំកក់ ដោយអាជ្ញាធរមូលដ្ឋានណាអើពើបង្រ្កាបនោះឡើយ។
បើតាមសេចក្តីរាយការណ៍ ត្រឹមតែឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវតែមួយឃុំប៉ុណ្ណោះ គឺមានល្បែងឡូតូ និងជល់មាន់ដែលថៅកែលាក់មុខជួលកូនចៅបើកដំណើរការលេង រហូតដល់ទៅ២៧ទីតាំង ហើយកន្លែងខ្លះ ក៏ស្ថិតនៅក្បែរៗរបងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទៀតផង។
យ៉ាងណាក៏ដោយ ពេលនេះ លោកអធិការស្រុកត្រាំកក់ គាត់បានដឹងហើយ តែយ៉ាងណាពលរដ្ឋនៅចាំមើលថា តើនឹងមានការចាត់វិធានការបង្រ្កាបដែរ ឬយ៉ាងណា ឬក៏សម្ងំចែកភាគលាភ ក៏គេនៅមិនទាន់ដឹងនោះឡើយ៕