សង្គម

គ្រាន់តែឃុំលាយបូរ នៃស្រុកត្រាំកក់មួយ មានល្បែងភ្នាល់ជល់មាន់ និង​ឡូតូតាមទូរទស្សន៍ចំនួន២៧ទីតាំង

ជាការ​កត់សម្គាល់ ក្នុងដើម​ឆ្នាំ​២០២២នេះ ល្បែង​តាម​ប្រព័ន្ធអ៊ីនធឺណេត ហាក់ដូចជា​រីកលូតលាស់ខ្លាំង ក្រោម​ការ​ឃុតឃិត​រវាងអាជ្ញាធរ និង​ក្រុមថៅកែលាក់មុខ ក្នុងនោះបើនិយាយពីឃុំ​លាយបូរ នៃស្រុកត្រាំកក់វិញ គឺមានហាងកាហ្វេ​ប្រមាណ ២៧ទីតាំង បានបើក​លេង​ល្បែង​ឡូតូអនឡាញ និង​ជល់មាន់អនឡាញ។

ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​មូលដ្ឋាន បាននិយាយថា បច្ចុប្បន្ន​មិន​ដូចកាលពីមុនទេ ល្បែង​ឡូតូអនឡាញ និង​ជល់មាន់ ត្រូវ​គេ​ដាក់បញ្ចាំង​ដោយ​ផ្សាយបន្ត​ផ្ទាល់​ព្រោងព្រាត ដោយ​ពុំ​ឃើញ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចុះ​ធ្វើ​ការហាមឃាត់ តាមគោល​នយោបាយភូមិឃុំ​មាន​សុវត្ថិភាព ដែលដាក់ចេញដោយ​រាជរដ្ឋាភិបាលនោះឡើយ។

តាមប្រភពច្បាស់ការមួយបានលើកឡើងថា ទូទាំងឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ មានល្បែងឡូតូ និង​ជល់មាន់ដែលថៅកែលាក់មុខជួលកូនចៅបើកដំណើរការលេងចំនួន២៧ទីតាំង ដែលកន្លែងខ្លះនៅក្បែរៗរបងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទៀតផង។

ជុំវិញការរីករាលដាលនូវល្បែងស៊ីសងតាមអនឡាញព្រោងព្រាតក្នុងមូលដ្ឋានឃុំលាយបូរនេះ លោក ស៊ិន ជី នាយប៉ុស្តិ៍រដ្ឋបាលឃុំលាយបូរមិនអាចសុំការបកស្រាយបានទេ ព្រោះរាល់លើកដែលអ្នកសារព័ត៌មានខលទៅលោកតាមរយៈខ្សែទូរស័ព្ទលោកតែងតែឆ្លើយថា ច្រឡំលេខហើយ លោកមិនមែនមេប៉ុស្តិ៍ទេ៕