មន្ត្រីគយនិងរដ្ឋាករការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់២ នៃនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស សហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២កន្លងទៅនេះ បានធ្វើការត្រួតពិនិត្យអនុលោមភាពពន្ធនាំចូលរថយន្តម៉ាក AUDI Q7 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2AE-4537 ដែលជាផ្លាកលេខក្លែងក្លាយ នៅចំណុចភូមិឡឹក ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែ។ នៅពេលត្រួតពិនិត្យក្នុងរថយន្ត មន្ត្រីគយបានរកឃើញនូវម្សៅក្រាម និងថ្នាំគ្រាប់មួយចំនួន។ ដោយសង្ស័យអាចជាសារធាតុញៀន មន្ត្រីគយនិងរដ្ឋាករបានឃាត់ខ្លួនជនសង្ស័យ ១រូប និងចាប់យករថយន្ត និងសារធាតុសង្ស័យ បញ្ជូនមកអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដើម្បីធ្វើតេស្ត និងបន្តនីតិវិធី។
ដោយមានការសម្របសម្រួលពីលោក ឆាយ ហុង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មន្ត្រីគយនិងរដ្ឋាករ សហការជាមួយមន្ត្រីមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ធ្វើតេស្តបឋមលើសារធាតុសង្ស័យឃើញលទ្ធផលថាជាសារធាតុញៀនខុសច្បាប់ចំនួន ៣ប្រភេទ មានទម្ងន់សរុប 20,752.4ក្រាម ក្នុងនោះ ប្រភេទ MDMA 15,742ក្រាម, ប្រភេទកេតាមីន 4,996ក្រាម, និងមេតំហ្វេតាមីន 14.4ក្រាម។
បច្ចុប្បន្ន មន្ត្រីគយនិងរដ្ឋាករបានប្រគល់ជនសង្ស័យនិងវត្ថុតាងចាប់យកខាងលើ ជូនមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី៕