(តាកែវ) ៖ ពលរដ្ឋរស់នៅឃុំព្រែកផ្ទោល នៃស្រុកអង្គរបុរី បានសម្ដែងក្ដីបារម្មណ៍ខណៈពួក គាត់ឃើញ មានការ ចែកចាយ គ្រឿងញៀន ស្ទើរតែរាល់យប់ នៅខាងក្រោយប៉ុស្តិ៍រដ្ឋបាល ឃុំព្រែកផ្ទោល តែគេមិនឃើញ សមត្ថកិច្ចនៅទីនោះធ្វើការបង្រ្កាបឡើយ។
ពលរដ្ឋបានបង្ហើបថា មេខ្លោងគ្រឿងញៀន ដ៏ធំនៅក្នុងស្រុកអង្គរបុរី ធ្វើព្យុះធ្វើភ្លៀង មិនមានអ្នក ណាហ៊ានបង្រ្កាបនេះ គឺមានឈ្មោះ ខុម ត្រូវជាដន្លងលោក ឡេង ផារិន្ធ អធិការរងទទួលបន្ទុកបង្ក្រាបគ្រឿងញៀនស្រុកអង្គរបុរីតែម្តង។
លោក ងួន សុគៀង នាយប៉ុស្ដិ៍រដ្ឋបាលឃុំព្រែកផ្ទោលបានថ្លែងថា លោកទទួលស្គាល់ថា ពិតជាមានមេខ្លោងខាងលើលក់នៅខាងក្រោយប៉ុស្ដិ៍របស់លោកមែន តែលោកបានល្បាតតាមដានរាល់ថ្ងៃដែរតែមិនមានភស្តុតាងជាក់ស្តែង។
លោកនាយប៉ុស្ដិ៍បានបន្តទៀតថា ករណីនេះ លោកពិបាកក្នុងការបង្រ្កាប ព្រោះអ្នកលក់គ្រឿងញៀនត្រូវជាដន្លងលោក ឡេង ផារិន្ទ អធិការរងទទួលផែនបង្ក្រាបគ្រឿងញៀន ហើយរាល់ការបង្ក្រាបត្រូវឆ្លងមន្រ្តីជំនាញ ហើយលោក ខុម ខាងលើ ក៏ធ្លាប់បានថ្នាក់លើចុះបង្ក្រាបដែរ តែបង្ក្រាបមិនបាន។
យ៉ាងណាក៏ដោយ លោក ឡេង ផារិន្ទ អធិការរងទទួលបង្ក្រាបបទល្មើសគ្រឿងញៀន នៃអធិការដ្ឋាននគបាលស្រុកអង្គរបូរីបានថ្លែងដោយបដិសេធថា លោកពុំមែនជាដន្លងនឹងលោក ខុម ទេ ហើយលោកបានរៀបចំកំលាំងជារៀងរាល់ថ្ងៃដើម្បីធ្វើការបង្ក្រាបករណីជួយដូរថ្នាំញៀនជាពិសេសលោកតែងតែលើកក្នុងអង្គប្រជុំថា ប៉ុស្ដ៏រដ្ឋបាលទាំងអស់ត្រូវតែរាយការណ៏រាល់មុខសញ្ញាសង្ស័យករណីគ្រឿងញៀនដើម្បីលោករាយការណ៏ជូនថ្នាក់លើចាត់ការតាមនិតិវិធី។
លោកអធិការរងរូបនេះបន្តទៀតថា លោកនាយប៉ុស្ដ៏រដ្ឋបាលឃុំព្រែកផ្ទោលមិនដែលបានកំណត់មុខសញ្ញា ឬរាយការករណីគ្រឿងញៀនមកឲ្យលោកជាមន្រ្តីជំនាញបានដឹងនោះទេ លោកថាលោកនាយប៉ុស្ដ៏មិនមានសមត្ថភាពគ្រប់គ្រាន់សម្រាប់គ្រប់គ្រងផ្នែកសន្តិសុខជូនពលរដ្ឋនោះទេបានជាឲ្យមានបទល្មើសក្នុងមូលដ្ឋាន ហើយបែរជាមិនបង្ក្រាប៕