(ភ្នំពេញ) ៖ បុរសពីរនាក់ត្រូវគេប្រទះឃើញដេកស្លាប់ក្នុងរថយន្ត និងនារីពីរនាក់ទៀតសន្លប់ស្តូកស្តឹងកាលពីល្ងាចថ្ងៃទី ៩ ខែមីនានៅផ្ទះគ្មានលេខក្នុងភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ ។
សមត្ថកិច្ចឲ្យដឹងថា សពបុរសទាំងពីរឈ្មោះ ចំរើន ឆៃយ៉ា ហៅដូច អាយុ២៧ឆ្នាំ មុខរបររត់ឡានតាកស៊ី ស្នាក់នៅផ្ទះកន្លែងកើតហេតុខាងលើ និងឈ្មោះ ឡូវ ឆាយហុង អាយុ២៧ឆ្នាំ មុខរបរលក់ដូរស្នាក់នៅផ្ទះលេខ61 ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន។ ចំណែកនារីពីរនាក់ទៀតមិនស្គាល់អត្តសញ្ញាណទេដោយសារសន្លប់លែងដឹងខ្លួន។
សមត្ថកិច្ចឲ្យដឹងបន្ថែមទៀតថា មុនពេលកើតហេតុអ្នកជិតខាងឆ្ងល់ហេតុអ្វីជនរងគ្រោះបញ្ឆេះឡានចោលយូរម៉្លេះហៅមិនឆ្លើយ។ ដោយសង្ស័យក៏ទូរស័ព្ទប្រាប់ម្ដាយឲ្យមកមើល។ ពេលម្ដាយមកដល់ចាក់សោទ្វារផ្ទះចូលមកមើលស្រាប់តែឃើញកូនប្រុសរបស់គាត់ស្លាប់ក្នុងរថយន្ត រួចទាំងមនុស្សស្រីពីរនាក់ទៀតនៅជាមួយគ្នាសន្លប់ក្នុងរថយន្តហាយឡិនឌ័រ ពាក់ស្លាកលេខ ភ្នំពេញ 2AM.2178 ពណ៌ទឹកប្រាក់។ នារីទាំងពីរត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្រ្គោះ។
សមត្ថកិច្ចសន្និដ្ឋានថា តាមការពិនិត្យនិងវិភាគ ជុំវិញកន្លែងកើតហេតុ និងធ្វើកោសល្យវិច្ឆ័យរបស់កំលាំងការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនិងគ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ គឺបុរសទាំងពីរ ស្លាប់បណ្ដាលមកពី(គាំងបេះដូង) អាចបណ្ដាលមកពីប្រើប្រាស់សារធាតុញៀនលើសកម្រិតដោយក្នុងរថយន្តបន្សល់ទុកនូវម្សៅក្រាមពណ៌សថ្លាមួយកញ្ចប់(សង្ស័យសារធាតុញៀន) ។
យ៉ាងណាក៏ដោយ ពេលនេះសមត្ថកិច្ចកំពុងបន្តករណីនេះតាមនីតិវិធី៕