សង្គម

ចាប់ខ្លួនមន្ត្រីអាវុធហត្ថម្នាក់ ក្រោយដកកាំភ្លើងអួតមិត្តភក្តិ រាលកៃបណ្តាលឱ្យស្លាប់មនុស្សម្នាក់

(កំពង់ស្ពឺ) ៖ មន្ត្រីអាវុធហត្ថខេត្តតាកែវម្នាក់ ត្រូវបានចាប់ខ្លួនភ្លាមៗ បន្ទាប់ពីយកកាំភ្លើងខ្លីអួតមិត្តភក្តិលេង ហើយបានរាលកៃផ្ទុះធ្លាយពីបំពង់កដល់ក្បាលស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង ១១:២៥នាទីរំលងអាធ្រាត្រ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ ក្នុងកម្មវិធីកង្កក់កូន ស្ថិតនៅក្នុងភូមិក្រាំងទ្រា ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

យោងតាមការឱ្យដឹងពីសមត្ថកិច្ចខេត្តកំពង់ស្ពឺនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ ថា ជនដៃដល់ដែលបានចាប់ខ្លួនមានឈ្មោះ ផៃ បញ្ញា ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិកំពង់ទួល ឃុំ អន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ជាមន្ត្រីកងរាជអាវុធហត្ថខេត្តតាកែវ។ ចំណែកជនរងគ្រោះមានឈ្មោះ អ៊ុច ភារុណ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិអន្លង់រមៀតខាងលិច ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹងខេត្តកណ្តាល មុខរបរកសិករ រស់នៅភូមិ-ឃុំជាមួយគ្នា។

នៅមុនពេលកើតហេតុ ម្ចាស់កម្មវិធីឈ្មោះ សៅ អ៉ឹង ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរកសិករ រស់នៅភូមិក្រាំងទ្រា ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានអញ្ជើញជនរងគ្រោះ និងមន្ត្រីអាវុធហត្ថរូបនោះចូលរួមក្នុងកម្មវិធីកង្កក់កូន។ នៅពេលផឹកសុីស្រវឹងមន្ត្រីអាវុធហត្ថរូបនោះបានដើរទៅយកកាំភ្លើងមិនស្គាល់ម៉ាកពីក្នុងឡានមកបង្អួត និងប្រឡែងលេង ក្រោយមកក៏កៀកស្មាយកកាំភ្លើងភ្ជុងបំពងកលេងក៏រាលកៃផ្ទុះចំបំពង់កបណ្តាលឱ្យគ្រាប់កាំភ្លើងធ្លាយពីកចេញទៅក្បាលរងរបួសធ្ងន់។

ឃើញដូច្នេះជនបង្កក៏បានដឹកបញ្ជូនជនរងគ្រោះភ្លាមៗទៅកាន់មន្ទីរពេទ្យកម្ពុជា-សូវៀត(ពេទ្យរុស្សុី) តែដោយសារស្ថានភាពរបួសធ្ងន់ធ្ងរជនរងគ្រោះក៏បានស្លាប់បាត់បង់ជីវិត។

ក្រោយការស្លាប់ជនរងគ្រោះ សាច់ញាតិ និងក្រុមគ្រួសារក៏បានប្តឹងឱ្យនគរបាលប៉ុស្តិ៍ព្រះនិព្វាន្ត និងនគរបាលស្រុកគងពិសីធ្វើការឃាត់ខ្លួនជនបង្កយកមកសាកសួរដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមច្បាប់៕