សង្គម

សប្តាហ៍​ខាងមុខនេះ កម្ពុជា​នឹង​មានភ្លៀងធ្លាក់​ដោយ​អន្លើ ក្នុងកម្រិតពីខ្សោយ​ទៅ​បង្គួរ

បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និង​ឧតុនិយម បាន​ឲ្យ​ដឹងថា ក្នុង​កំឡុង​មួយ​សប្តាហ៍​ខាងមុខ​នេះ ពោល​គឺពីថ្ងៃទី២ ដល់ថ្ងៃទី៨ ខែមីនា ព្រះរាជាណាចក្រ​កម្ពុជា​ អាចនឹងមានភ្លៀងធ្លាក់ដោយ​អន្លើ ក្នុងកម្រិតពីខ្សោយទៅបង្គួរ។

សេចក្តីជូនដំណឹង​បានបញ្ជាក់ថា នៅស​ប្តាហ៍នេះ កម្ពុជានឹង​ទទួល​នូវ​ឥទ្ធិពល​ចំនួន២ ក្នុងនោះ ពីថ្ងៃទី២-៤ ខែមីនា ឥទ្ធិពល​នៃជ្រលង​សម្ពាធទាប​ដែលរុញពីក្រោម​ឡើង​លើ​មក​ពីមហាសមុទ្រ​ឥណ្ឌា និង​ឥណ្ឌូនេស៊ី ក្នុង​កម្រិតខ្សោយ, ពីថ្ងៃទី៥-៨ ខែមីនា ឥទ្ធិពល នៃសម្ពាធទាប ដែល​កើត​ឡើង​នៅ​លើ​ប្រទេស​កម្ពុជា និង​ថៃ។

ស្ថានភាពបែបនេះ នឹងធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាល​ទំនាប​កណ្តាល សីតុណ្ហភាពអាចមានពី២២ ទៅដល់៣៦អង្សា ក្នុងនោះអាចមានភ្លៀងធ្លាក់ដោយ​អន្លើ លាយ​ឡំ​និង​ផ្ទរ រន្ទះ ក្នុងកម្រិតពីខ្សោយ​ទៅបង្គួរ។

សម្រាប់បណ្តា​ខេត្ត​ជាប់ជួរ​ភ្នំដងរែក និង​ខ្ពង់រាបឦសាន សីតុណ្ហភាពពី២២ ទៅ៣៦អង្សា និងអាចមានភ្លៀងធ្លាក់​ដោយ​អន្លើ លាយឡំនិងផ្ទរ រន្ទះ ក្នុង​កម្រិតពីខ្សោយ​ទៅ​មធ្យម។

ដោយ​ឡែក​តំបន់មាត់សមុទ្រ សីតុណ្ហភាពអាចមាពី២១ ដល់៣០អង្សា ហើយអាចមានភ្លៀងលាយឡំនិងផ្គរ រន្ទះ ក្នុងកម្រិតពីមធ្យម​ទៅបង្គួរ៕