ជីវិតកម្សាន្ត

ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៤ នឹងប្រារព្ធក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»

យោង​តាម​សារាចរ​ណែនាំរបស់​រាជរដ្ឋាភិបាលបានបញ្ជាក់ថា កម្ពុជា​នឹង​រៀបចំប្រារព្ធ​ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៤ ឆ្នាំ​២០២២នេះ ក្រោម​ប្រធានបទ «យុវជនដើម្បីវប្បធម៌​ជាតិ» ក្នុងគោល​បំណង​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ ពិសេស​យុវជន​ចូលរួម​កាន់តែស​កម្ម​ឡើង​ថែមទៀត​ក្នុងការ​ថែរក្សា​ និង​ការពារ​មរតកវប្បធម៌ជាតិ។

សម្រាប់ទិវាវប្បធម៌ជាតិ​នៅឆ្នាំនេះ រាជរដ្ឋាភិបាលកម្ពុជា​បានធ្វើ​ការ​ណែនាំ​តាមរយៈសារាចរទៅ​ដល់​ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ ត្រូវ​សហការ​ជាមួយ​ក្រសួង ស្ថាប័ន អាជ្ញាធរ​ដែនដី អង្គការ សមាគម សហគមន៍ និង​វិស័យ​ឯកជន​ដែល​កំពុង​ប្រតិបត្តិ​ការ​នៅ​ក្នុងវិស័យ​វប្បធម៌ ដើម្បីរួម​គ្នា​ផ្សព្វផ្សាយ​វប្បធម៌​ជាតិ​ឱ្យ​បានទូលំទូលាយ ទាំងនៅ​លើទីតាំង​ផ្ទាល់ និង​តាម​បណ្តាញ​សង្គម។

ជាមួយ​គ្នា​នេះ ក្រសួងព័ត៌មាន ក៏​ត្រូវ​រៀបចំ​កម្មវិធីផ្សព្វផ្សាយ​ដើម្បីអបអរ​ទិវា​វប្បធម៌ជាតិ ៣មីនា ឱ្យ​ទូលំទូលាយ​តាម​ប្រព័ន្ធផ្សព្វផ្សាយ​ជាតិ និង​ឯកជន ដែល​រួមមាន វិទ្យុ ទូរទស្សន៍ កាសែត ទស្សនាវដ្តី និង​ឯកសារ​ពាក់ព័ន្ធ ដើម្បី​បំផុស​ឱ្យ​សាធារណជន​យល់ដឹង និង​ចូលរួម​កាន់តែ​សកម្មនៅ​ក្នុង​កា​រថែរក្សា លើក​ស្ទួយ​តម្លៃ និង​អភិវឌ្ឍវប្បធម៌ជាតិ សីលធម៌​សង្គម និង​សុខដុម​នីយកម្ម​សង្គម ដោយ​មិន​មាន​ការ​រើសអើងផ្នែក​នយោបាយ ជំនឿ សាសនា និង​ពណ៌សម្បុរ។

បើតាម​សារាចរដដែល ក្រសួងអប់រំ យុវជន និង​កីឡា និង​ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ ត្រូវសហការ​ផ្សព្វផ្សាយ​វប្បធម៌ជាតិ និង​ខ្លឹមសារ​ទិវា​វប្បធម៌ជាតិ​ដល់សិស្ស និស្សិត ដោយ​អនុវត្ត​តាមគន្លង​ប្រក្រតីភាពថ្មី។

ក្រសួងទេសចរណ៍វិញ ត្រូវ​ផ្សព្វផ្សាយ​វប្បធម៌ជាតិ និង​ខ្លឹមសារ​ទិវាវប្បធម៌​ជាតិ ដល់​ភ្ញៀវទេសចរជាតិ និង​អន្តរជាតិ តាមរយៈ​ទីភ្នាក់ងារ​ទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ រមណីយដ្ឋាន​ទេសចរណ៍ សណ្ឋាគារ ផ្ទះសំណាក់ និង​ភោជនីយដ្ឋាន​គ្រប់ប្រភេទ។

សារាចររបស់រាជរដ្ឋាភិបាល ក៏​បានណែនាំទៅ​ដល់គ្រប់លំនៅដ្ឋាន គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរដែនដី សាលារៀន រោងចក្រ សហគ្រាសរដ្ឋ និង​ឯកជន ត្រូវ​ចូលរួមអបអរ​ទិវាវប្បធម៌ជាតិ តាមគន្លង​ប្រក្រតីភាពថ្មី និង​តាម​មធ្យោបាយផ្សេងៗ​ដែលមាន ដូចជាការ​លើកទង់ជាតិ ទង់ជ្វាលា បដាពាក្យស្លោក គំនូរផ្សាយសិល្បៈវប្បធម៌ ឬ​សកម្មភាព​សមរម្យ​នានា នៅទីតាំង​របស់ខ្លួន ក៏​ដូចជា​តាម​បណ្តាញ​សង្គម ឱ្យ​បានព្រមៗគ្នា​នាថ្ងៃទី៣ ខែមីនា ឆ្នាំ​២០២២។

គួរ​បញ្ជាក់ដែរថា ចាប់តាំងពីឆ្នាំ​២០០៦មក រាជរដ្ឋាភិបាលកម្ពុជា​បាន​កំណត់​យក​ថ្ងៃទី៣ ខែមីនា ជា​រៀងរាល់ឆ្នាំ​សម្រាប់​រៀបចំ​ប្រារព្ធ «ទិវាវប្បធម៌ជាតិ» ។ ទិវាវប្បធម៌ជាតិ គឺជា​ទិវាដ៏​មានសារៈសំខាន់​មួយ​របស់ប្រជាជាតិកម្ពុជា ដើម្បីរំលឹក​ដល់​គុណូបការៈ​បុព្វបុរស​ខ្មែរ​គ្រប់​ជំនាន់ ដែលបានពលីទាំងកម្លាំងកាយ កម្លាំងចិត្ត កម្លាំង​បញ្ញា និង​អាយុជីវិត ក្នុងការ​បង្កើត ថែរក្សា និង​ការពារសម្បត្តិវប្បធម៌ដ៏​សម្បូរបែប និង​មានតម្លៃ​មិន​អាច​កាត់ថ្លៃបាន បន្សល់ទុក​មក​ដល់​កូន​ចៅជំនាន់ក្រោយ។

ទន្ទឹមគ្នានេះ ទិវាវប្បធម៌ជាតិ ក៏​ជា​ឱកាស​ដ៏​មានតម្លៃមួយ​ដើម្បីបំផុស​នូវ​ស្មារតី​ស្រឡាញ់ជាតិ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និង​អត្តសញ្ញាណជាតិ ក្នុង​ចំណោមប្រជាពលរដ្ឋ​ខ្មែរគ្រប់រូប ពិសេស​ក្នុង​ស្រទាប់​យុវជន​ដែលត្រូវ​បន្ត​វេនអភិរក្ស លើក​ស្ទួយ​តម្លៃ និង​អភិវឌ្ឍវប្បធម៌​ជាតិ ដើម្បី​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គមស្រប​តាម​គោល​នយោបាយ​ជាតិស្តីពីវិស័យ​វប្បធម៌ និង​កម្មវិធី​នយោបាយ​របស់រាជរដ្ឋាភិបាលកម្ពុជា៕