សង្គម

ពិតជាខ្លាំងជាងអាជ្ញាធរទៀត ទីតាំងជល់មាន់តាមអនឡាញ ពីរកន្លែងនៅឃុំត្រពាំងគង ស្រុកសំរោងទង ប៉ូលិសមូលដ្ឋានចុះធ្វើកិច្ចសន្យារាប់ភ្លេច នៅតែអាចបន្តបើកលេងធម្មតា!

(កំពង់ស្ពឺ) ៖ ប្រជាពលរដ្ឋ​និយាយថា មេប៉ុស្តិ៍ឃុំត្រពាំងគង លោក យ័ន្ត សន ទំនងចាញ់បារមី ពួកមេបនល្បែងស៊ីសងជល់មាន់តាមអនឡាញចំនួនពីរកន្លែង ដោយទី១ស្ថិតនៅតាមបណ្តោយ​កំណាត់ផ្លូវជាតិលេខ៤ ទល់មុខផ្សារត្រពាំងអម្ពិល និងទី២ស្ថិតនៅតាមបណ្តោយ​ផ្លូវជាតិលេខ៥១ ។

សូមជម្រាបជូនផងដែលថា ទីតាំងមាន់ជល់តាមអនឡាញចំនួនពីរទីតាំងខាងលើនេះ ស្ថិតនៅក្នុងភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ក្រុមអ្នកញៀនល្បែងជល់មាន់តាមអនឡាញ បាននាំគ្នាពពាក់ពពូន ចូលទៅលេងយ៉ាងអាណាធិបតេយ្យជាទីបំផុត ដោយមិនញញើតនិងទោសទណ្ឌ ពិសេសមិនខ្លាចកាលឆ្លងរីករាលដាលជំងឺកូវីដ១៩អូមីក្រុងបន្តិចណាឡើយ។

ពលរដ្ឋដែលរស់នៅជិតទីតាំងបនល្បែងខាងលើនេះ បានឲ្យ​ដឹងថា ប៉ូលិសឃុំត្រពាំងគង ដែលដឹកនាំដោយលោកមេប៉ុស្តិ៍ យ័ន្ត សន បានធ្វើការទប់ស្កាប់ និងបង្ក្រាបទីតាំងមាន់ជល់តាមអនឡាញខាងលើនេះចំនួនពីរទៅបីលើកមកហើយ ដើម្បីយកមកអប់រំ និងធ្វើកិច្ចសន្យាឲ្យ​បញ្ឈប់សកម្មភាពលេងល្បែងស៊ីសងខុសច្បាប់មាន់ជល់តាមអនឡាញខាងលើនេះ តែប្រហែលជាលោកមេប៉ុស្តិ៍ត្រពាំងគង ចាញ់បារមីមេបនល្បែងខាងហើយ បានជាពួកមេបនល្បែងជល់មាន់តាមអនឡាញខាងលើនេះ នៅតែបន្តបើកលេងដោយមិនញញើតនិងទោសទណ្ឌបន្តិចណាទាល់តែសោះ។

ពាក់ព័ន្ធនិងករណីបនល្បែងស៊ីសងមាន់ជល់តាមអនឡាញខាងលើនេះ លោក យ័ន្ត សន មេប៉ុស្តិ៍នគរបាលឃុំត្រពាំងគងបានថ្លែងតាមទូរស័ព្ទថា «ខ្ញុំបានហៅមេបនល្បែងមាន់ជល់តាមអនឡាញខាងលើនេះ យកមកអប់រំ និងធ្វើកិច្ចសន្យាចំនួនបីដងមកហើយ ចាំមើលខ្ញុំហៅពួកមេបនល្បែងជល់មាន់តាមអនឡាញខាងលើនេះ យកមកអប់រុំនិងធ្វើកិច្ចសន្យាម្តងទៀត»។

មហាជខាងលើគ្មានទំនុកចិត្តទៅលើលោក យ័ន្ត សន មេប៉ុស៌្តឃុំត្រពាំងគង បន្តិចណាទាល់តែសោះក្នុងការទប់ស្កាត់និងបង្រ្កាបទីតាំងមាន់ជល់តាមអនឡាញខាងលើនេះ។ ពួកគាត់ថា វាមិនដែលសមត្ថកិច្ចហៅយកមកអប់រុំនិងធ្វើកិច្ចសន្យា រាប់មិនភ្លេច បែរជាមេបនល្បែងជល់មាន់តាមអនឡាញខាងនេះ នៅតែបន្តផ្គើនបើកលេងជាធម្មតាដូចជាគ្មានញញើតនិងចំណាត់ការណ៌របស់លោកយ័ន្តសនបន្តិចណាទាល់តែសោះ។

យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ​ស្នើ​ដល់លោក ឃុត សុផល អធិការស្រុកសំរោងទង និងលោកសម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ សូមមេត្តាចាត់កម្លាំងពិសេស ដើម្បីចុះមកទប់ស្កាត់និងបង្ក្រាបទីតាំងបនល្បែងជល់មាន់តាមអនឡាញខាងលើនេះផង ដើម្បីអនុវត្តន៍តាមគោលនយោបាយភូមិឃុំមានសុវត្ថភាព របស់រាជរដ្ឋាភិបាលកម្ពុជា៕

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងទូរសព្ទ: 010840732