សង្គម

ប្រធានាធិបតីអ៊ុយក្រែន ប្តេជ្ញា​ស្នាក់​នៅ​រដ្ឋធានីកៀវ ខណៈកងទ័ពរុស្ស៊ីកំពុងវាយលុកខ្លាំង

បន្ទាប់ពីការវាយប្រហាររបស់ប្រទេស​រុស្ស៊ី​កាលពីថ្ងៃម្សិលមិញ​មក​លើ​ប្រទេសអ៊ុយក្រែន ដោយ​បានសម្លាប់មនុស្សអស់ប្រមាណជាង១០០នាក់ និង​របួសជាង​៤រយនាក់ នៅថ្ងៃនេះ កងទ័ពរុស្ស៊ី​បានវាយសន្ធាប់កាន់តែខ្លាំង តាមផ្លូវ​អាកាស ក៏ដូចជាផ្លូវគោក តម្រង់ឆ្ពោះ​មក​កាន់ទីក្រុង​កៀវ ដែលជាបេះដូងនៃប្រទេស​អ៊ុយក្រែន។

បើទោះជាមានមានការ​វាយប្រហារដ៏​ខ្លាំងក្លាយ៉ាងណាក៏ដោយ លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានប្តេជ្ញាថា លោកនឹងបន្តស្នាក់នៅក្នុងរដ្ឋធានី កៀវ ដោយ​មិន​ចាកចេញទៅ​ណាឡើយ។

ក្នុងសារវីដេអូនៅថ្ងៃសុក្រនេះ ប្រធានាធិបតី Zelenskyy បានថ្លែងថា ខ្មាំងសត្រូវបានកំណត់ក្បាលលោកជាគោលដៅទីមួយ ហើយក្រុមគ្រួសារលោកជាគោលដៅទី២ ។ ពួកគេចង់កម្ទេចក្បាលម៉ាស៊ីននយោបាយអ៊ុយក្រែន ដោយកម្ទេចចោលប្រមុខរដ្ឋតែម្ដង។ ទោះព្រមានបែបនេះក្តី លោកអះអាងថា «ខ្ញុំនឹងបន្តស្នាក់នៅក្នុងរដ្ឋធានី [កៀវ]។ ក្រុមគ្រួសារខ្ញុំ ក៏បន្តនៅក្នុងអ៊ុយក្រែនដែរ»។

សូមបញ្ជាក់ថា សម្រាប់១ថ្ងៃដំបូង ពោល​គឺកាលពីថ្ងៃម្សិលមិញ រុស្ស៊ីបានបើកការវាយប្រហារ ចំនួន២០៣លើក ចេញពី៣ច្រក (ជើង កើត និងពីខាងត្បូង) ហើយបានបំផ្លាញ មូលដ្ឋានយោធាអ៊ុយក្រែន រហូតដល់៧៤កន្លែង។

បើតាម​សេចក្តីរាយការណ៍​ប៉ុន្មានម៉ោងចុងក្រោយនេះថា កងទ័ពរុស្ស៊ីវាយដណ្ដើមបានទីតាំងផលិតថាមពលនុយក្លេអ៊ែរ Chernobyl ដែលជាតំបន់ហ៊ុមព័ន្ធខ្លាំងដោយសារធាតុវិទ្យុសកម្ម ក្រោយឧប្បទ្ទវហេតុឆ្នាំ១៩៨៦ ៕