សង្គម

សម្តេចតេជោបន្ទោស​ធ្ងន់ៗចំពោះរដ្ឋមន្រ្តីកសិកម្ម រឿងបិទមិនឲ្យមានការ​នាំចូលជ្រូក ធ្វើឲ្យ​សាច់ជ្រូកឡើងថ្លៃ

ក្នុងពិធីបិទមហាសន្និបាទបូកសរុបការងារ​ក្រសួងមហាផ្ទៃ​នៅ​រសៀល​ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ​២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានធ្វើការ​ស្តីបន្ទោស​ធ្ងន់ៗ​ចំពោះ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម ដែលបិទមិន​ឲ្យ​មានការ​នាំសាច់ជ្រូក​ចូល​មក​កម្ពុជា ដែលជា​ហេតុធ្វើ​ឲ្យ​សាច់ជ្រូក​នៅ​កម្ពុជា​ឡើងថ្លៃ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់អតិផរណា។

តាម​ការ​លើក​ឡើងរបស់សម្តេចតេជោ បច្ចុប្បន្ន​សាច់ជ្រូក​នៅ​កម្ពុជា​បាន​កំពុងឡើងថ្លៃ ដោយ​សារ​តែ​កង្វះសាច់ជ្រូក ព្រោះ​តែ​រដ្ឋមន្រ្តីក្រសួងកសិកម្ម​បានហាមឃាត់​ការ​នាំចូលជ្រូក ដើម្បីបំពេញ​ចិត្ត​អ្នក​ចិញ្ចឹមជ្រូក​នៅ​ក្នុងស្រុក ខណៈកម្ពុជា គឺជា​សមាជិកអង្គការ WTO និង​បានចុះ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរីផងដែរ។

សម្តេចតេជោ​ បានហៅ​ការ​ធ្វើការងារ​របស់លោក វេង សាខុន ថា ជា​ការ​ជិះសេះមើលផ្កាយ ដោយ​បានថែមទាំង​លើក​ឡើង​ពី​ករណីរកមិនឃើញ​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ខ្វះស្រូវពូជ ខណៈ​ខ្លួនគឺជា​រដ្ឋមន្រ្តីក្រសួងកសិកម្មថែមទៀតផង។

ជាមួយ​គ្នានេះដែរ សម្តេចតេជោ​ក៏​បានប្រាប់ទៅ​ដល់រដ្ឋមន្រ្តីគ្រប់រូប គួររក្សាតំណែងរបស់ខ្លួននៅ​ក្នុងអាណត្តិ ដោយមិនគួរត្រូវផ្លាស់ប្តូរ​នៅក្នុងអាណត្តិនោះទេ។ សម្តេចបញ្ជាក់ថា ការដករដ្ឋមន្រ្តីមួយ គឺប្រើពេលតែត្រឹម ២៤ម៉ោងប៉ុណ្ណោះ៕