ខេត្តកំពង់ចាម ៖ សកម្មភាពជីកនិងដឹកអាចម៌ដីយកទៅលក់នៅក្នុងទឹកស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលមានម្ចាស់អាជីវកម្ម ឈ្មោះហុង វណ្ណឌី បានធ្វើសកម្មភាពជីកនិងដឹកអាចម៌ដីយកទៅលក់ យ៉ាងអនាធិបតេយ្យជាទីផុត បណ្តាលអោយផ្លូវថ្នល់មួយកន្លែងទល់មុខវត្តព្រះប្រសប់ និងទល់មុខសាលាឃុំព្រះប្រសប់ ពិសេសផ្លូវថ្នល់មួយចំនួនទៀត នៅក្នុងទឹកដីស្រុកខ្សាច់កណ្តាល រងការខូចខាតដោយអន្លើៗ ក្នុងនោះអាជ្ញាធរឃុំព្រះប្រសប់ ពិសេសលោក ប៊ុនផេង ចៅហ្វាយស្រុកខ្សាច់កណ្តាល មិនដែលបើកភ្នែកមើលសកម្មភាព ការដឹកអាចម៌ដីយកទៅលក់របស់លោកហុង វណ្ណឌីនោះឡើយ។ ទំនងអស់លោកបានត្រូវថ្នាំសណ្តំរបស់លោកហុង វណ្ណឌី អស់ហើយមើលទៅ ទើបបានជាបណ្តែតបណ្តោយអោយរថយន្តធន់ធំ របស់លោកហុង វណ្ណឌី ដឹកអាចម៌ដីយកទៅលក់បន្តកន្ទុយគ្នា ដូចរថយន្តហែរបុណ្យកឋិន?
ក្នុងករណីរថយន្តដឹកអាចម៌ដីយកទៅលក់នៅក្នុងទឹកដីស្រុកខ្សាច់កណ្តាលយ៉ាងអនាធិបតេយ្យនេះ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានថ្លែងថា លោកនិងអោយលោកប៊ុនផេង ចៅហ្វាយស្រុកខ្សាច់កណ្តាល ចុះមកត្រួតពិនិត្យនិងចាត់វិធានការណ៌តាមផ្លូវច្បាប់។ ប៉ុន្តែរហូតមកដល់ពេលនេះម៉ោងនេះ ក្បួនរថយន្តដឹកអាចម៌ដីរបស់លោកហុង វណ្ណឌី នៅតែបន្តសកម្មភាពយ៉ាងអនាធិបតេយ្យ អញ្ចឹងហើយបានជាមហាជនមានការសង្ស័យថា លោកប៊ុនផេង អាចនិងត្រូវថ្នាំសណ្តំរបស់លោកហុង វណ្ណឌីបាត់ទៅហើយ?
សូមបញ្ជាក់ផងដែរថា លោកហុង វណ្ណឌី បានធ្វើសកម្មភាពដឹកអាចម៌ដី ចេញពីចំណុចបឹងក្រចាប់ ដែលមានទីតាំងស្ថិតនៅក្នុងភូមិស្វាយពោធ៌ ឃុំស្វាយពោធ៌ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងបានដឹកអាចម៌ដីបន្តយកទៅលក់នៅក្នុងទឹកដីស្រុកខ្សាច់កណ្តាលគឺលោកហុង វណ្ណឌី បានធ្វើលិខិតស្នើដល់លោកអ៊ុន ចាន់ដា ចៅហ្វាយខេត្តកំពង់ចាម កាលពីថ្ងៃទី០៨ខែឧសភាឆ្នាំ២០២០ ដើម្បីសុំស្តារបឹងក្រចាប់ដែលមានទំហំផ្ទៃដីចំនួន៨៧ហិចតា ស្តារប្រឡាយប្រវែង១០គីឡូម៉ែត្រ និងធ្វើផ្លូវលំមួយខ្សែរមានចំនួន១០គីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិស្វាយពោធ៌ ឃុំស្វាយពោធ៌ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
ពលរដ្ឋរស់នៅក្នុងភូមិស្វាយពោធ៌ បានអោយដឹងថា លោកហុង វណ្ណឌី បានស្តារដីបឹងក្រចាប់បានតិចតួចតែប៉ុណ្ណោះ ហើយការធ្វើផ្លូវលំមួយខ្សែរ មានប្រវែង១០គីឡូម៉ែត្រនោះ ដូចជាអត់បានធ្វើសូម្បីតែមួយម៉ែត្រ។ប្រភពខាងលើបានលើកឡើងទៀតថា រយះពេលពីឆ្នាំមកនេះបើសិនជាលោកហុង វណ្ណឌី បានស្តារបឹងឬធ្វើផ្លូវលំជូនពលរដ្ឋមែននោះ?ប្រហែលជាធ្វើរួចរាល់ជាស្ថាពរបាត់ទៅហើយ។ប៉ុន្តែមកពីគាត់មិនចង់ធ្វើ ដោយសារតែគាត់រវល់ឆ្លៀតឱកាសជីកនិងដឹកអាចម៌ដីយកទៅលក់នៅក្នុងទឹកដីស្រុកខ្សាច់កណ្តាល ដើម្បីធ្វើមានធ្វើបាន ដោយមិនខ្វល់ពីការខូចផ្លូវថ្នល់នោះឡើយ?។សូមបញ្ជាក់ជូនបន្ថែមទៀតថា សកម្មភាពការជីកនិងដឹកអាចម៌ដីយកទៅលក់ នៅក្នុងទឹកដីស្រុកខ្សាច់កណ្តាល របស់លោកហុង វណ្ណឌី ត្រូវបានគេសង្ស័យថា មិនមានអាជ្ញាប័ណ្ណត្រឹមត្រូវចេញពីក្រសួងរ៉ែនិងថាមពលនោះទេ?
ពាក់ព័ន្ធនិងការជីកនិងអាចម៌ដីយកទៅលក់នៅក្នុងទឹកដីស្រុកខ្សាច់កណ្តាល លោកហុង វណ្ណឌី បានប្រាប់មកអង្គភាពពេញចិត្ត តាមទូរស័ព្ទថា គាត់ពិតជាបានដឹកអាចម៌ដីយកទៅលក់មែន បើមិនអោយគាត់ដឹកអាចម៏ដីយកទៅលក់ទេ តើបានលុយមកពីណាដើម្បីទិញប្រេងចាក់គ្រឿងចក្រ ដើម្បីស្តារបឹងក្រចាប់ និងធ្វើផ្លូវលំមួយខ្សែរជូនពលរដ្ឋ?លោកហុង វណ្ណឌី បានបញ្ជក់ទៀតថា ចំពោះបញ្ហាផ្លូវថ្នល់ដែលរងការខូចខាតដោយអន្លើៗនោះមិនមែនរងការខូចខាតដោយសារតែរថយន្តដឹកអាចម៌ដីរបស់គាត់ម្នាក់ឯងនោះទេ?នៅមានរថយន្តដឹកអាចម៌របស់អ្នកផ្សេងជាច្រើនទៀត ដែលបានធ្វើសកម្មភាពដឹកអាចម៌ដីយកទៅលក់នៅក្នុងទឹកដីស្រុកខ្សាច់កណ្តាល។
ពាក់ព័ន្ធនិងករណីលោកហុង វណ្ណឌី ធ្វើសកម្មភាពជីកនិងដឹកអាចម៌ដី ចេញពីចំណុចបឹងក្រចាប់ យកទៅលក់ក្នុងទឹកដីស្រុកខ្សាច់កណ្តាល លោកលី ចាន់ធី ប្រធានមន្ទីរ៉ែនិងថាមពលខេត្តកំពង់ចាម បានអោយដឹងតាមសារប្រព័ន្ធ តេលេក្រាមថា ការងារនេះ មិនទាន់ស្នើសុំមកខាងជំនាញខ្ញុំនៅឡើយទេ គឺគ្រាន់ជាការស្នើសុំគោលការណ៍រួមពីឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឆ្លងតាមរយៈមន្ទីរធនធានទឹក និងមន្ទីរកសិកម្ម សិន។ប្រសិនបើដឹអាចម៍ដីស្ដារបឹងនេះធ្វើជាទំនប់ធារាសាស្រ្ត មិនដឹកដីលក់ទេ តាមច្បាប់ស្ដីការគ្រប់គ្រង និងអាជីវកម្មធនធានរ៉ែ មានចែងលើកលែងការស្នើសុំច្បាប់អាជីវកម្ម និងបង់សួយសាររ៉ែ ។ លោកលី ចាន់ធី បានបញ្ជាក់ទៀតថា÷ខ្ញុំនឹងចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យ និងវិធានការតាមច្បាប់។
ដោយឡែកលោក អ៊ឹង ឌីប៉ូឡា អគ្គនាយនៃអគ្គនាយកដ្ឋានក្រសួងរ៉ែនិងថាមពល បានប្រាប់តាមទូរស័ព្ទថា លោកនិងធ្វើការរឿងនេះ ដោយខាងអគ្គនាយកដ្ឋាននិងរៀបចំបេសកកម្មចុះពិនិត្យ។
យ៉ាងណាក៏ដោយមហាជនបានសំណូមពរដល់ក្រសួងរ៉ែនិងថាមពល ក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រសួងពាក់ព័ន្ធមួយចំនួនទៀត សូមមេត្តាចាត់មន្ត្រីអធិការកិច្ចចុះមកបើកការស៊ើបអង្កេតចំពោះករណី លោកហុង វណ្ណឌី ដែលកំពុងតែធ្វើសកម្មភាពជីកនិងយកអាចម៌ដីទៅលក់ ដោយគេសង្ស័យថាគ្មានអាជ្ញាប័ណ្ណចេញពីក្រសួងរ៉ែនិងថាមពល៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299