ដើម្បីស្ដារវិស័យទេសចរណ៍ឡើងវិញនាដំណាក់កាលក្នុងនិងក្រោយវិបត្តិកូវីដ១៩ បារាំងមានបំណងចង់បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ក្នុងក្របខណ្ឌអឺរ៉ុប-អាស៊ាន និងបារាំង-អាស៊ាន ហើយបានជ្រើសរើសកម្ពុជាជាដៃគូនាំមុខគេក្នុងការបង្កើនកិច្ចសហប្រតិបត្តិការនេះ ពីព្រោះកម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២។
ការបញ្ជាក់ពីគោលបំណងនេះ បានធ្វើឡើងក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងលោក ពើឡេត៍ ហ្សាគ (Pellet Jacques) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា និងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្ដីការក្រសួងទេសចរណ៍។
នាឱកាសនោះ លោកឯកអគ្គរដ្ឋទូតបារាំងបានចូលរួមអបអរសាទរដល់កម្ពុជាដែលបានធ្វើជាប្រធានអាស៊ានក្នុងអាណត្តិឆ្នាំ២០២២នេះ។ ជាមួយគ្នានោះ លោក ពើឡេត៍ ហ្សាគ បានលើកឡើងអំពីគោលបំណងរបស់រដ្ឋាភិបាលសាធារណរដ្ឋបារាំង ដែលចង់បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយអាស៊ាន ពោលទាំងក្នុងក្របខណ្ឌអឺរ៉ុប-អាស៊ាន និងក្របខណ្ឌបារាំង-អាស៊ាន ដើម្បីស្ដារវិស័យទេសចរណ៍ឡើងវិញនាដំណាក់កាលក្នុងនិងក្រោយវិបត្តិកូវីដ១៩។
ក្នុងនាមតំណាងរដ្ឋាភិបាលបារាំង លោក ហ្សាគ ថែមទាំងបានគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជានាំមុខគេក្នុងការរៀបចំឱ្យមានកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នេះ ដើម្បីធ្វើជាគំរូដល់ប្រទេសសមាជិកដទៃ ដែលនេះជាការចូលរួមដើម្បីផលប្រយោជន៍ ភាពរីកចម្រើនទាំងអស់គ្នា ពិសេសក្នុងនាមកម្ពុជាជាប្រធានអាស៊ានផងដែរ។
លោកឯកអគ្គរដ្ឋទូតបារាំងបានគាំទ្រដល់គោលនយោបាយចាក់វ៉ាក់សាំងនៅកម្ពុជា និងបានទទួលស្គាល់ថាកម្ពុជាគឺជាគោលដៅទេសចរណ៍មួយដែលមានសុវត្ថិភាព។ លោកក៏នឹងបន្តផ្សព្វផ្សាយអំពីព័ត៌មានទាំងនេះទៅកាន់ប្រជាជនបារាំង ដើម្បីឱ្យពួកគេជ្រើសរើសគោលដៅទេសចរណ៍កម្ពុជាជាគោលដៅអាទិភាពមួយ នៅពេលសភាពការណ៍កូវីដ១៩មានការថមថយ ឬអាចធ្វើដំណើរបានស្រួល។
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា បានស្នើឱ្យមានការជំរុញតភ្ជាប់ជើងហោះហើរត្រង់ពីបារាំងទៅមកកម្ពុជា ដើម្បីជំរុញកំណើនភ្ញៀវទេសចរទៅមក។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលបារាំងដែលបានគាំទ្រការបង្កើតសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈទេសចរណ៍ចំនួន២ដល់កម្ពុជា មួយគឺនៅរាជធានីភ្នំពេញ និងមួយទៀតនៅខេត្តព្រះសីហនុ ដើម្បីចូលរួមគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍កម្ពុជាផងដែរ៕