សង្គម

ចុងសប្ដាហ៍ទី៣ នៃខែកុម្ភៈ កម្ពុជាទទួលបានភ្ញៀវជិត២០ម៉ឺននាក់ 

នាចុងសប្តាហ៍ទី៣ នៃខែកុម្ភៈ ពោលគឺ ថ្ងៃទី១៩-២០ ខែកុម្ភៈ ឆ្នាំ២០២២ នៅទូទាំងប្រទេសមានភ្ញៀវចេញដើរកម្សាន្តសរុបចំនួនជាង១៩ម៉ឺននាក់។

តាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ក្នុងចំណោមទេសចរទាំង ជាង១៩ម៉ឺននាកើ ក្នុងនោះភ្ញៀវជាតិមានចំនួន១៨ម៉ឺន៨ពាន់នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងចំនួនជាង១ម៉ឺននាក់។

ចំណែកគោលដៅទេសចរណ៍សំខាន់ៗដែលភ្ញៀវទៅកម្សាន្តច្រើនជាងគេ រួមមាន៖ ខេត្តព្រះសីហនុ រាជធានីភ្នំពេញ ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តសៀមរាប និង ខេត្តកំពត។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍ថា ជាមួយការបន្តកំរើកឡើងនៃការឆ្លងជំងឺកូវីដ-១៩ប្រភេទអូមីក្រុង ចរន្តភ្ញៀវទេសចរនៅតាមគោលដៅទេសចរណ៍មានការថមថយខ្លះនាចុងសប្តាហ៍នេះ។ ជាក់ស្តែង តួលេខខាងលើមានការថយចុះ ៩.៤៤% ធៀបនឹងចុងសប្តាហ៍កន្លងមក។

ទោះបីមានការថមថយខ្លះ ប៉ុន្តែតួលេខខាងលើនៅមានកម្រិតប្រហាក់ប្រហែលនឹងស្ថានភាពពេលដែលព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ត្រូវបានបិទបញ្ចប់។

តាមការសង្កេតជាក់ស្តែងរបស់មន្ទីរទេសចរណ៍ ភ្ញៀវពីរាជធានីភ្នំពេញទៅកាន់គោលដៅទេសចរណ៍តាមបណ្តាខេត្តមិនសូវមានចំនួនច្រើនដូចសប្តាហ៍កន្លងមកទេ។ ភ្ញៀវភាគច្រើនជាភ្ញៀវក្នុងខេត្តខ្លួនឯង និងភ្ញៀវឆ្លងខេត្តជិតៗគ្នា។

ចាប់តាំងពីសប្តាហ៍មុន និងបន្តដល់ចុងសប្តាហ៍នេះ ក្រសួងទេសចរណ៍បានចេញសេចក្តីណែនាំជាបន្តបន្ទាប់ដល់មន្ទីរទេសចរណ៍ និងមូលដ្ឋានអាជីវកម្មទាំងអស់ឲ្យខិតខំបន្តពង្រឹងការអនុវត្តវិធានការ «៣កុំ និង៣ការពារ» វិធានសុវត្ថិភាពទេសចរណ៍ និង SOP លើគ្រប់សេវាកម្មទេសចរណ៍ និងខិតខំបន្តគ្រប់គ្រងចរន្តភ្ញៀវទេសចរកុំឲ្យមានកកកុញ ឬប្រមូលផ្តុំច្រើនពេលទៅកម្សាន្តនៅតាមគោលដៅទេសចរណ៍នានា៕