កណ្តាល ៖ បើតាមសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋបានឲ្យដឹងថា មានទីតាំងជល់មាន់មួយកន្លែងកំពុងតែលួចលាក់លេង នៅចំណុចទល់ពីមុខទីស្នាក់ការគណបក្ស LDP ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
តាមសេចក្តីរាយការណ៍ថា ទីតាំងល្បែងជល់មាន់ខាងលើ បានលួចលាក់បើកលេងជាញឹកញយណាស់មកហើយ ប៉ុន្តែមិនមានការទប់ស្កាត់និងបង្ក្រាប ពីសំណាក់កំលាំងសមត្ថកិច្ចឃុំព្រែកតាមាក់ ពិសេសកំលាំងសមត្ថកិច្ចស្រុកខ្សាច់កណ្តាលនោះឡើយ ដោយករណីនេះគេសង្ស័យថា មេបនល្បែងខាងលើនេះ ទំនងបានឃុបឃិតគ្នាជាមួយនិងសមត្ថកិច្ចឃុំនិងស្រុកអស់ហើយ ទើបបានជាមិនមានវិធានការបង្ក្រាបបែបនេះ។
ក្រោយពីមានការរិះគន់ នៅថ្ងៃអង្គារនេះ (១៥ កុម្ភៈ) គេឃើញសមត្ថកិច្ចបានចុះទៅទីតាំងខាងលើ ប៉ុន្តែមិនទាន់ទាំងបានចូលដល់ក្នុងទីតាំង សម្រាប់តែក្រុមអ្នកលេងល្បែងជល់មាន់ទាំងនោះបានចាកចេញអស់ ដោយហាក់បីដូចជាមានការឲ្យដំណឹងមុនយ៉ាងដូច្នោះដែរ។ ហើយក្រោយពីសមត្ថកិច្ចឃុំព្រែកតាមាក់បានចេញទៅបាត់ ស្រាប់តែក្រុមអ្នកលេងបានប្រមូលផ្តុំគ្នាលេងបន្តទៀត ដោយមិនញញើត សមត្ថកិច្ចពិសេសគឺមិនខ្លាចការឆ្លងរីករាលដាលជំងឺកូវីដ១៩អូមីក្រុង បន្តិចណាទាល់តែសោះ។
ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានសំណូមពរដល់លោក ឈឿន សុចិត្ត ស្នងការខេត្តកណ្តាល និងលោកគង់ សោភ័ណ្ឌ ចៅហ្វាយខេត្តកណ្តាល សូមមេត្តាចាត់មន្ត្រីអធិការកិច្ច ដើម្បីចុះមកបង្ក្រាបល្បែងជល់មាន់ខាងលើនេះ ដែលគេសង្ស័យថា បានលួចលាក់បើកលេងអត់ញញើតនិងទោសទណ្ឌបន្តិចណាទាល់តែសោះ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់អោយខាងតែបានដើម្បីអនុវត្តតាមគោលនយោបាយភូមិឃុំមានវត្ថភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រោះថា បើរំពឹងទៅលើការទប់ស្កាត់និងបង្ក្រាបរបស់សមត្ថក្នុងមូលដ្ឋានខាងលើគឺគ្មានសង្ឃឹមទេ៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299