សង្គម

សប្តាហ៍​ខាងមុខនេះ កម្ពុជា​អាចមានភ្លៀងធ្លាក់

បើតាម​សេចក្តីជូនដំណឹង​របស់ក្រសួងធនធានទឹក និង​ឧតុនិយម​បាន​ឲ្យដឹងថា នៅក្នុងសប្តាហ៍​ខាងមុខនេះ ប្រទេស​កម្ពុជា​នឹងទទួល​ឥទ្ធិពលពីសម្ពាធទាប (ឥណ្ឌូនេស៊ី និង​ឥណ្ឌា) ក្នុងកម្រិតពី​ខ្សោយ​ទៅមធ្យម។ ទន្ទឹមនោះ ក៏​នឹងអាច​កើតមានឡើង​នូវ​សម្ពាធ​ទាបតូចៗ​ជាលក្ខណៈ​ឡូកាល់ ដោយអន្លើផងដែរ។

ស្ថានភាពបែបនេះ នឹងធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់វាល​ទំនាបកណ្តាល អាចមានភ្លៀងធ្លាក់​ក្នុងកម្រិត​ពី​តិច​ទៅបង្គួរ​លាយឡំនិង​ផ្គរ រន្ទះ, ក្នុងនោះ​ខេត្តកំពង់ធំ, កំពង់ឆ្នាំង, ពោធិ៍សាត់, បាត់ដំបង, បន្ទាយមានជ័យ និងប៉ៃលិន អាចមានភ្លៀងច្រើនដោយ​អន្លើ។

សម្រាប់បណ្តា​ខេត្ត​ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន អាចមានភ្លៀងក្នុងកម្រិតពីតិច ទៅមធ្យម​លាយ​ឡំនិងផ្គរ រន្ទះ។

ដោយឡែក​តំបន់មាត់សមុទ្រ អាចមានភ្លៀងក្នុងកម្រិតពីតិច​ទៅបង្គួរ​លាយឡំ​និងផ្គរ រន្ទះ៕