សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានប្រកាសពីការលើកពេលជួបជាមួយសិស្សនិទ្ទេសអេ( A) ដែលគ្រោងនឹងធ្វើនៅថ្ងៃទី២៨ កុម្ភៈ ឆ្នាំ២០២២ ខាងមុខ ទៅពេលក្រោយវិញ ដោយសារកូវីដ-១៩ មេរោគបំប្លែងថ្មីឈ្មោះថា អូមីក្រុង បាននឹងកំពុងរីករាលដាលនៅទីក្រុងភ្នំពេញ។
សម្តេចតេជោបានសរសេរនៅលើបណ្តាញសង្គមកាលពីល្ងាចថ្ងៃទី១៤ កុម្ភៈ ថា ដើម្បីសុវត្ថិភាពសម្រាប់ចៅៗសិស្សនិទ្ទេស A និងអ្នកចូលរួម ខ្ញុំសម្រេចចិត្តលើកពេលនៃការជួបជុំជាមួយសិស្សនិទ្ទេសAដែលគ្រោងធ្វើនៅថ្ងៃ២៨ កុម្ភ: ២០២២ ទៅពេលក្រោយវិញ។ សម្តេចបញ្ជាក់ថា ការរក្សាជីវិត និងសុខភាពគឺកិច្ចការចម្បងរបស់យើងទាំងអស់គ្នានាពេលនេះ ហើយថា ការរក្សាបានជីវិត និងមានសុខភាពល្អ គឺមិនខ្វះទេពេលវេលានៃការជួបជុំ។
ជាមួយគ្នានេះ សម្តេចក៏សង្ឃឹមដែរថា សិស្សនិទ្ទេស A ដែលគ្រោងជួបសម្តេច និងក្រុមគ្រួសារ នឹងមានការយោគយល់នូវការលំបាកនេះផងដែរ។
សូមបញ្ជាក់ដែរថា បើយោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី១៤ កុម្ភៈ កម្ពុជាមានករណីឆ្លងវីរុសកូវីដ១៩ថ្មីចំនួន ៥១២នាក់ ដែលសុទ្ធសឹងតែជាប្រភេទអូមីក្រុងទាំងអស់៕