ប្រជាពលរដ្ឋ ដែលបានទិញផ្ទះល្វែង របស់ក្រុមហ៊ុន បុរីវីអាយភី (VIP) ស្ថិតក្នុងភូមិអូរតាសេក ឃុំអូរឧកញ្ញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ គ្រោងនឹងនាំគ្នាឡើងមកសុំអន្តរាគមន៍ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ឲ្យជួយរកយុត្តិធម៌ ដល់ពួកគាត់ រឿងក្រុមហ៊ុន បុរីវីអាយភី (VIP) របស់លោក ហម រ៉ន និងលោក វន វណ្ណៈ មិនគោរពតាមកិច្ចសន្យា និងមិនព្រមសាងសង់ផ្ទះ ជូនពួកគាត់ តាមកិច្ចសន្យា។
ការគ្រោងនាំគ្នាមកសុំអន្តរាគមន៍ ពីសម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង បន្ទាប់ពីប្រជាពលរដ្ឋ ប្រមាណជា ៣០០នាក់ បាននាំគ្នាធ្វើការតវ៉ា នៅមុខក្រុមហ៊ុន បុរីវីអាយភី ស្ថិតនៅឃុំអូរឧកញ្ញ៉ាហេង ស្រុកព្រៃនប់ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ មិនទទួលបានដំណោះស្រាយ។ ដោយការតវ៉ារបស់ពួកគាត់ គឺទាមទារឲ្យលោក ហម រ៉ន និងលោក វន វណ្ណៈ ដែលជាម្ចាស់ក្រុមហ៊ុន ចេញមុខមកដោះស្រាយ ដោយផ្ទាល់ ជាមួយ ពួកគាត់ ពីព្រោះពួកគាត់ បានបង់លុយ គ្រប់ចំនួនអស់ហើយ ប៉ុន្តែក្រុមហ៊ុន មិនព្រម សាងសង់ផ្ទះ តាមកិច្ចសន្យានោះទេ ដោយគេចវេសមិនព្រមចូលមកដោះស្រាយ។
ប្រជាពលរដ្ឋ បានឱ្យដឹងថា ពួកគាត់បានទិញផ្ទះល្វែង របស់ក្រុមហ៊ុន បុរីវីអាយភី អ្នកខ្លះបង់រំលស់ និងមួយចំនួនទៀត គេមានលុយបង់ផ្តាច់ ដោយមានធ្វើកិច្ចសន្យាត្រឹមត្រូវ ជាមួយភាគី ខាងក្រុមហ៊ុន។ ហើយរហូតមកដល់បច្ចុប្បន្ននេះ ជាង ២ឆ្នាំហើយ ពួកគាត់ដែលបានទិញផ្ទះ ប្រមាណ ៩០ ភាគរយ នៅមិនទាន់ទទួលបានផ្ទះ នៅឡើយទេ។ ពីព្រោះ នៅទីតាំងដី ឃើញមានសសរបង្គោលបុកគ្រឹះ ក្នុងមួយទីតាំង មានចំនួន៥ ទៅ ៦ ដើម និងកន្លែងខ្លះ អត់ទាន់មានបុកគ្រឹះ នៅឡើយទេ។
ដោយសារតែលែងមានជំនឿទុកចិត្ត លើភាគីក្រុមហ៊ុន បុរីវីអាយភី ដែលតែងតែសន្យា ខ្យល់ មិនព្រមដោះស្រាយ ប្រជាពលរដ្ឋ បានស្នើសូមដល់ អាជ្ញាធរពាក់ព័ន្ធ អភិបាល ខេត្តព្រះសីហនុ និងជាពិសេសសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មេត្តាជួយអន្តរាគមន៍ ដល់យុត្តិធម៌ និងការរកដំណោះស្រាយ ឲ្យពួកគាត់ផង ពីព្រោះ ពួកគាត់ ភាគច្រើន ខ្ចីលុយធនាគារ យកមកទិញផ្ទះ ហើយមកដល់ពេលនេះ ផ្ទះក៏មិនបាននៅ លុយធនាគារ ក៏កាន់តែច្រើន។
ចំពោះករណីនេះ យើងមិនអាចទាក់ទងរកការបំភ្លឺពីលោក ហម រ៉ន និងលោក វន វណ្ណៈ ដែលជាម្ចាស់ក្រុមហ៊ុន បុរីវីអាយភី (VIP) បាននៅឡើយទេនៅថ្ងៃនេះ៕