ក្រសួងសុខាភិបាល ក៏ដូចជារដ្ឋាភិបាលរាជធានីភ្នំពេញ បានសម្តែងការព្រួយបារម្ភដូចគ្នា ចំពោះការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ពិសេសប្រភេទអូមីក្រុង នៅក្នុងឱកាស នៃទិវានៃក្តីស្រឡាញ់ ១៤ កុម្ភៈ។
លោកជំទាវ ឱ វណ្ណឌីន អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ក៏បានមានប្រសាសន៍ដែរថា ថ្ងៃទិវានៃក្តីស្រឡាញ់ ១៤ កុម្ភៈ គឺមិនមែនជាទំនៀមទម្លាប់របស់ខ្មែរយើងនោះទេ ។ តែបើតាមការសង្កេត មានប្រជាពលរដ្ឋខ្មែរ ក៏ដូចជាយុវវ័យរបស់យើងមួយចំនួនបានយកថ្ងៃនេះធ្វើជាការជួបជុំគ្នា ពិសារអាហារជាមួយគ្នាដើម្បីបង្ហាញពីក្តីស្រឡាញ់របស់ខ្លួនជូនទៅដល់បុគ្គលណាម្នាក់ ឬច្រើននាក់ដែលខ្លួនស្រឡាញ់។
នៅក្នុងបរិបទនៃការរាតត្បាតជំងឺកូវីដ១៩ ជាពិេសសអូមីក្រុង លោកជំទាវបានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាយុវវ័យទាំងអស់ សូមកុំភ្លេចខ្លួនឱ្យសោះថា អូមីក្រុងកំពុងតែចរាចរណ៍យ៉ាងសកម្មនៅក្នុងសហគមន៍របស់យើងហើយ ហើយយើងទាំងអស់គ្នាក៏មិនត្រូវព្រងើយកន្តើយ មិនអើពើនឹងការចូលរួមទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺដ៏កាចសាហាវនេះដែរ។
បើតាមលោកជំទាវ យើងត្រូវបង្កើននូវសកម្មភាព៣ការពារ ពាក់ម៉ាស់ លាងដៃ គម្លាតសុវត្ថិភាពបុគ្គល ៣កុំ កុំទៅកន្លែងដែលមានមនុស្សច្រើន កុំទៅកន្លែងដែលបិទជិត កុំចាប់ដៃគ្នា ឬកៀកគ្នា។
ជាមួយគ្នានេះ លោកជំទាវវេជ្ជបណ្ឌិតអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ យកថ្ងៃទី១៤ កុម្ភៈនេះ ជាថ្ងៃត្រូវនាំគ្នាទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។
ក្នុងនោះដែរ ដើម្បីទប់ស្កាត់ការឆ្លងរាលាដាល នៃជំងឺកូវីដ១៩ និងទប់ស្កាត់សកម្មភាពមិនប្រក្រតីក្នុងទិវា នៃក្តីស្រឡាញ់ ១៤ កុម្ភៈ នេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានចេញសេចក្តីណែនាំ ដោយហាមធ្វើសកម្មភាពជួបជុំប្រមូលផ្តុំក្នុងចំណោមសិស្ស-និស្សិត និងយុវជន-យុវនារីតាមគ្រប់រូបភាព នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងគ្រឹះស្ថានសិក្សាឯកជន ព្រមទាំងទីតាំងសាធារណៈនានាក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដែលអាចបង្កហានិភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ១៩ បំប្លែងថ្មី ប្រភេទ «អូមីក្រុង» ចូលក្នុងសហគមន៍ជាទ្រង់ទ្រាយធំ។
ជាមួយគ្នានេះ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា លោកគ្រូ អ្នកគ្រូ មាតាបិតា និងអាណាព្យាបាលទាំងអស់ ត្រូវខិតខំធ្វើការអប់រំ ណែនាំដល់សិស្ស-និស្សិត និងបុត្រធីតាគ្រប់រូប ឱ្យគោរពនូវទំនៀមទម្លាប់ វប្បធម៌ និងប្រពៃណីដ៏ល្អផូរផង់របស់ជាតិខ្មែរ ដើម្បីកុំឱ្យពួកគេមានការយល់ច្រឡំថា «ទិវានៃក្តីស្រឡាញ់ ថ្ងៃទី១៤ ខែកុម្ភៈ» ជាថ្ងៃបុណ្យសង្សារ ឬជាថ្ងៃណាត់ជួបរវាងគូសង្សារ និងដើម្បីចៀសវាងការប្រព្រឹត្តសកម្មភាពខុសសិលធម៌ផ្សេងៗ ដែលធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ របស់ខ្លួនឯង គ្រួសារ-សាច់ញាតិ និងសង្គមជាតិទាំងមូល៕