ក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយជាសាធារណៈកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសថា ខ្លួននឹងបន្តនីតិវិធីជាធរមានចំពោះករណីលោកឧកញ៉ា ឌួង ងៀប ដែលរងបណ្តឹងរដ្ឋប្បវេណី ពាក់ព័ន្ធករណីឆបោក និងចេញសែកស្អុយ ដោយមិនអនុញ្ញាតឱ្យជនត្រូវចោទរូបនេះ ប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមដើម្បីគេចវេសពីការទទួលខុសត្រូវរបស់ខ្លួនឡើយ។
បើតាមសាលាដំបូងរាជធានីភ្នំពេញ លោកឧកញ៉ា ឌួង ងៀប បានរងនូវបណ្តឹងក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ៧២១៧ ចុះថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ ពីបទឆបោក និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ពាក់ព័ន្ធនឹងការលក់អចលនវត្ថុមួយកន្លែង ដែលអ្នកទិញជាដើមបណ្តឹងមានឈ្មោះ CHIH YU YEN និងឈ្មោះ YAO CHING KING បានប្រគល់ប្រាក់ថ្លៃដីគ្រប់ចំនួន ៧.៣០៥.០០០$ ឲ្យទៅជនត្រូវចោទឈ្មោះ ឌួង ងៀប រួចរាល់ ប៉ុន្តែជនត្រូវចោទពុំមានដីនោះឡើយ។
ក្នុងការសម្របសម្រួលដោះស្រាយទំនាស់នេះ ឈ្មោះ ឌួង ងៀប បានចេញមូលប្បទានប័ត្រចំនួន៣សន្លឹក ទៅឲ្យដើមបណ្តឹង ប៉ុន្តែពេលដើមបណ្តឹងយកទៅបើកប្រាក់នៅធនាគារ ខាងធនាគារបញ្ជាក់ថា មូលប្បទានប័ត្រទាំង៣សន្លឹកនោះគ្មានសាច់ប្រាក់ទេ។
សាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់ថា នៅក្នុងដំណាក់កាលស៊ើបសួរ ចៅក្រមស៊ើបសួរបានពិនិត្យ ផ្ទៀងផ្ទាត់ភស្តុតាង និងសួរចម្លើយជនត្រូវចោទឈ្មោះ ឌួង ងៀប ហើយបានសម្រេចមិនឃុំខ្លួន ដោយជំនួសមកវិញនូវការដាក់ជនត្រូវចោទឲ្យនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ តាមដីកាសម្រេចចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ដែលមានកាតព្វកិច្ចតម្រូវឲ្យជនត្រូវចោទដាក់ប្រាក់ធានាមិនឃុំខ្លួនចំនួន ៥.៣០៥.០០០$ មកតម្កល់នៅក្នុងគណនីរបស់សាលាដំបូងរាជធានីភ្នំពេញក្នុងរយៈពេល ១ខែ តែជនត្រូវចោទពុំបានយកប្រាក់ធានាខ្លួននេះ មកតម្កល់តាមការកំណត់ក្នុងដីកាសម្រេចនោះឡើយ ។ ដោយសារជនត្រូវចោទឈ្មោះ ឌួង ងៀប បានគេចវេសពីកាតព្វកិច្ច នៃការត្រួតពិនិត្យតាមផ្លូវតុលាការ ចៅក្រមស៊ើបសួរក៏បានចាត់វិធានការបន្តតាមនីតិវិធី ស្របតាមបញ្ញត្តិមាត្រា ២៣០ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។
គួររំលឹកថា កាលពីយប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ លោកឧកញ៉ា ឌួង ងៀប តាមរយៈបណ្តាញសង្គម បានបង្ហោះវីដេអូ ដោយស្នើសុំអន្តរាគមន៍ពីសម្តេចតេជោនាយករដ្ឋមន្រ្តី ដោយបានចោទប្រកាន់សាលាដំបូងរាជធានីភ្នំពេញថា ចាត់ការសំណុំរឿងរបស់លោកដោយប្រែពីស ទៅជាខ្មៅ ហើយថា លោកមិនដែលស្គាល់ជនជាតិតៃវ៉ាន់ទាំងនោះទេ។ មួយថ្ងៃបន្ទាប់ លោកឧកញ៉ា ឌួង ងៀប ក៏បានធ្វើដំណើរទៅកាន់ពន្ធនាគារព្រៃស និងថ្លែងប្រាប់អ្នកកាសែតនៅទីនោះថា លោកសុខចិត្តដើរចូលពន្ធនាគារ ព្រោះតែលោកគ្មានប្រាក់សម្រាប់ផ្តល់ឲ្យតុលាការទៀតឡើយ៕