ខេត្តកំពត ៖ អស់រយៈពេលប្រមាណជាង១ឆ្នាំហើយ រឿងរ៉ាវនៃទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋរស់នៅភូមិទួលដូនតី ស្ថិតក្នុងឃុំត្រពាំងភ្លាំង ស្រុកឈូក ជាមួយនឹងក្រុមហ៊ុនសូរងួន នៅមិនទាន់បញ្ចប់នៅឡើយទេ ហើយនៅតែមានការរុកគួនគ្នាមិនចេះចប់។
បើតាមប្រជាពលរដ្ឋថា កាលពីពេលថ្មីៗនេះ លោក ឡាយ តាំងលី តំណាងក្រុមហ៊ុនសូរងួន បានដាក់គ្រឿងចក្រទ្រង់ទ្រាយធំ និងកម្លាំងសន្តិសុខប្រហែលជា៣០នាក់ បានមកធ្វើការឈូសឆាយដីបណ្តាលអោយមានការប៉ះពាល់ដីអាស្រ័យផលដំណាំរបស់ពលរដ្ឋចំនួន០៣គ្រួសារ ក្នុងចំណោម៣៦គ្រួសារក្នុងចំណុចខ្នងគោរត់ភូមិទួលដូនតី បង្កអោយមានការតវ៉ាដាក់គ្នានិងស្នើរសុំអាជ្ញាធរស្រុកជួយអន្តរាគមណ៍ដោះស្រាយ។
យ៉ាងណាក៏ដោយរហូតមកដល់ព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ ក៏មានអាជ្ញាធរស្រុកឈូក ដឹកនាំដោយលោក ហេង ពៅ អភិបាលរងស្រុកឈូក ដែលមានការចូលរួមពីលោក ថាវ វណ្ណារ៉េត មេឃុំត្រពាំងភ្លាំង និងលោក ឯម ជីម អនុភូមិទួលដូនតី តំណាងអោយប្រជាពលរដ្ឋ និងលោក ឡាយ តាំងលី តំណាងអោយខាងក្រុមហ៊ុនសូរងួន ធ្វើការដោះស្រាយរួមគ្នា តែក្នុងពេលនោះនៅតែមិនអាចរកដំណោះស្រាយបានដែរ។
ពាក់ព័ន្ធជុំវិញរឿងនេះដែរ លោក យិន ចាន់ រស់នៅភូមិរវៀង ឃុំត្រពាំងរាំង ស្រុកជុំគីរីបានអះអាងថា «ខ្ញុំបានកាន់កាប់ដីនិងធ្វើការដាំដំណាំអាស្រ័យផលតាំងពីឆ្នាំ២០១៣មកម៉្លេះ ដែលមានផ្ទៃដីទំហំ២,៥ហិចតា។២.អ្នកស្រី តែម លាន់ មានដីចំនួន ៥០០០ម៉ែត្រការ៉េ។៣.លោកព្រុំ សុខៃ មានដីចំនួន១០០០០ម៉ែត្រការ៉េ កាន់កាប់តាំងពីឆ្នាំ២០០៨មកម៉្លេះ»។
លោក ឯម ជីម ជាអនុភូមិទួលដូនតី បានអះអាងថា គាត់ជាអនុភូមិ៤ជំនាន់មេឃុំមកហើយ ក្រោយពីបានធ្វើសមាហរណកម្មឆ្នាំ១៩៩៨ តាំងពីមានប្រជាពលរដ្ឋចំនួន១០គ្រួសារ និងរហូតមកដល់ពេលនេះមានចំនួន៣៦គ្រួសារកំពុងរស់នៅចំណុចខ្នងគោរត់ក្នុងភូមិទួលដូនតី។
សម្រាប់លោក ថាវ វណ្ណារ៉េត មេឃុំត្រពាំងភ្លាំង បានថ្លែងថា លោកបានមកកាន់ដំណែងជាមេឃុំត្រពាំងភ្លាំងនេះក្នុងឆ្នាំ២០១៦ លោកមិនដឹងសុីជម្រៅក្នុងរឿងនេះទេ។
ចំណែកលោកឡាយ តាំងលី តំណាងអោយក្រុមហ៊ុនសូរងួន បានបញ្ជាក់ថា ÷ក្រុមហ៊ុនសូរងួន បានជួលដីពីក្រសួងកសិកម្ម ដើម្បីវិនិយោគដាំណៃចេក ហើយក្រុមហ៊ុនក៏បានធ្វើការដាំដំណាំដំឡូងមីលើដីដែលកំពុងមានទំនាស់នេះក្នុងឆ្នាំ២០១០ផងដែរ។ ហើយនៅពេលនេះក្រុមហ៊ុន នៅសល់កូនចេកចំនួន១លានដើមត្រូវការដាំបន្ទាន់មិនអាចរង់ចាំតទៅទៀតបានទេ។
លោក ហេង ពៅ អភិបាលរងស្រុកឈូកបានប្រាប់ថា ពាក់ពន្ធ័និងរឿងនេះ គាត់និងកសាងសុំណុំរឿងបញ្ជូនទៅលោកអភិបាលស្រុកដើម្បីដាក់ជូនលោកអភិបាលខេត្តពិនិត្យនិងដោះស្រាយជូនពលរដ្ឋ។
យ៉ាងណាក៏ដោយ នារសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានបញ្ជាក់តាមរយៈសារតេឡេក្រាមថា ពាក់ព័ន្ធនិងរឿងនេះ ឯកឧត្តមបានបញ្ជាអោយស្រុកចុះធ្វើការនិងចាំជំនាញចុះទៅវាស់វែងបញ្ជាក់ប្លង់ដើម្បីដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋហើយ៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299