ដីលិចទឹកដែលគេដឹងថា គឺជាសម្បត្តិរបស់រដ្ឋក្នុងចំនួនរាប់សិបហិចតា ស្ថិតនៅក្នុងភូមិអញ្ចេក ឃុំត្នោត ស្រុកបាទី ត្រូវបានក្រុមអ្នកមានលុយយកបង្គោលថ្មមកបោះកំណត់ព្រំយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ខណៈអាជ្ញាធរបានត្រឹមតែឆ្លើយថាមិនដឹង។
ពលរដ្ឋបានបញ្ជាក់ថា ដីលិចទឹកនោះ ស្ថិតនៅចំណុចកែងព្រំប្រទល់៣ស្រុក គឺស្រុកបាទី ស្រុកសំរោង និងស្រុកព្រៃកប្បាស តែដីដែរក្រុមអ្នកមានបោះបង្គោលថ្មយកជាកម្មសិទ្ធ ស្ថិតនៅភូមិអញ្ចេក ឃុំត្នោត ស្រុកបាទី ដោយដីខាងលើនេះ ជាដីរបស់រដ្ឋសម្រាប់រំដោះទឹកជំនន់នារដូវវស្សា។
ពលរដ្ឋថា ដីខាងលើនេះបើរដូវវស្សាគឺជាផ្លូវទឹកដ៏សំខាន់ក្នុងការជំលៀសទឹកជំនន់ជន់លិច តែបើរដូវប្រាំងវិញគឺពលរដ្ឋព្រួសស្រូវ ឬថែរក្សាស្មៅដើម្បីច្រូតកាត់ជាចំណីសត្វចិញ្ចឹម ដោយវាពុំមានជាកម្មសិទ្ធរបស់អ្នកណាឡើយ។
ប៉ុន្តែមួយរយៈកន្លងមកនេះ ស្រាប់តែពួកគាត់បានឃើញលោកមេភូមិអញ្ចេក នាំក្រុមអ្នកមានលុយមកបោះបង្គោលថ្មរាប់ពាន់បង្គោលពន្ធ័យកដីនោះ ហើយពួកគាត់បានត្រឹមតែឈមើលគេដាំបង្គោលយកដីរដ្ឋតែប៉ុណ្ណោះ។
បើតាមពលរដ្ឋថា ក្នុងស្រុកបាទីទាំងមូលបានចុះបញ្ជីដីធ្លីជាប្រពន្ធ័រួចរាល់ហើយ ចំណែកដីនៅចំណុចគេបោះបង្គោលនេះ គឺខាងជំនាញភូមិបាលបានកាត់ឆ្វៀលកំណត់ទុកជាដីរបស់រដ្ឋជាប្រភេទដីលិចទឹកដោយគ្មានជនណាអាចមករំលោភយកបានឡើយ។
ពាក់ពន្ធ័ករណីខាងលើលោក អ៊ុក សំបូរ មេឃុំត្នោតបានថ្លែងថា ដីនៅចំនុចខាងលើគឺពិតជាដីរដ្ឋមែន ហើយលោកមិនបានដឹងថា មានគេបោះបង្គោលថ្មរំលោភយកនោះទេ។ លោកមេឃុំបន្តថា ដីនេះលក់ទិញមិនបានទេ ហើយខាងជំនាញធនធានទឹកហេតុអីមិនចុះមកជួយមើលផង ព្រោះជាដីលិចទឹកក្រោមការគ្រប់គ្រងដោយក្រសួងធនធានទឹក ហើយលោកមិនបានដឹងថា ខាងធនធានទឹកគេមានឯកសារកាត់ឆ្វៀលប៉ុន្មានហិចតានោះដែរ។
បើតាមលោកមេឃុំថា លោកនឹងចុះទៅពិនិត្យ ហើយបើពិតជាមានគេបោះបង្គោលពន្ធ័យកមែន លោកនិងរាយការណ៍ជូនថ្នាក់លើដើម្បីសុំគោលការបន្ត៕