សង្គម

សម្តេច ហ៊ុន សែន ប្រកាសគាំទ្រការបើកទេសចរណ៍ផ្ទៃក្នុងអាស៊ានឡើងវិញ

ថ្លែងក្នុងឱកាសអញ្ជើញបើកវេទិកាទេសចរណ៍អាស៊ាន នាល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ពីទីក្រុងព្រះសីហនុ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសគាំទ្រ ចំពោះការបើកឲ្យមានទេសចរណ៍ផ្ទៃក្នុងអាស៊ានឡើងវិញ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំគាំទ្រទាំងស្រុងលើការបើកទេសចរណ៍ផ្ទៃក្នុងអាស៊ាន ក៏ដូចជាបើកតំបន់ទាំងមូល ដើម្បីទទួលទេសចរអន្តរជាតិឡើងវិញ។ ក្នុងនាមកម្ពុជា ជាប្រធានអាស៊ានខ្ញុំ សូមគាំទ្រឲ្យរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ពិភាក្សា និងឯកភាពគ្នា ប្រកាសបើកទេសចរណ៍របស់អាស៊ានឡើងវិញ នៅថ្ងៃស្អែកចេញ ពីទីក្រុងព្រះសីហនុ»។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ដើម្បីធានានូវជោគជ័យ នៃការបើកទទួលទេសចរណ៍អន្តរជាតិឡើងវិញ គឺចាំបាច់ត្រូវធានា ឲ្យបាននូវភាពជឿជាក់ និងទំនុកចិត្តថា ជាគោលដៅទេសចរណ៍អាស៊ានមានសុវត្ថិភាព ដោយឈរលើអត្រានៃការចាក់វ៉ាក់សាំងជាសូចនាករគោល។

ជាមួយគ្នានេះ សម្តេចតេជោ បានប្រកាសសូមគាំទ្រនូវកម្មវិធី «ទេសចរណ៍វ៉ាក់សាំង» ដែលបានដាក់ចេញនៅតាមបណ្តាប្រទេសអាស៊ាន និងសូមគាំទ្រលើការដាក់ចេញយុទ្ធនាការ «អាស៊ានជាគោលដៅទេសចរណ៍ ប្រកបដោយភាពកក់ក្តៅ និងសុវត្ថិភាព»។

សម្តេចនាយករដ្ឋមន្ត្រី ក៏អំពាវនាវឱ្យរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងស្ថាប័នសុខាភិបាលអាស៊ាន ត្រូវធ្វើការសិក្សា និងរៀបចំនូវប្រព័ន្ធរួមមួយ សម្រាប់ការបញ្ជាក់ទទួលស្គាល់ពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គ្រប់ដូស (Vaccination Passport ឬ Digital Health Pass) នៅក្នុងតំបន់អាស៊ាន និងស្នើឱ្យអាស៊ាន គិតគូរពិចារណាក្នុងការសម្រួលលក្ខខណ្ឌ នៃការធ្វើដំណើរទេសចរណ៍ជាបណ្តើរៗឡើងវិញ ដោយឈរលើគោលការណ៍ នៃការប្រុងប្រយ័ត្នខ្ពស់។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ បានកោតសរសើរចំពោះរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ដែលបានបង្កើនកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរបទពិសោធន៍ ក្នុងការឆ្លើយតបនឹងវិបត្តិជំងឺកូវីដ១៩ និងបានដាក់ចេញនូវផែនការស្តារទេសចរណ៍អាស៊ានក្រោយវិបត្តិនៃជំងឺកូវីដ១៩ សេចក្តីថ្លែងការណ៍ភ្នំពេញ ស្តីពីទេសចរណ៍អាស៊ាន ប្រកបដោយចីរភាព បរិយាប័ន្ន និងមានភាពធន់កាន់តែប្រសើរ ក៏ដូចជាផែនការយុទ្ធសាស្ត្រ កម្មវិធីការងារ និងគោលការណ៍ណែនាំអាស៊ានផ្សេងទៀត។

សូមជម្រាបថា នៅទស្សវត្សរ៍ចុងក្រោយ មុនវិបត្តិកូវីដ-១៩ តំបន់អាស៊ាន បានស្គាល់កំណើនទេសចរណ៍ប្រចាំឆ្នាំក្នុងរង្វង់៦% ហើយត្រឹមឆ្នាំ២០១៩ ទេសចរណ៍ អាស៊ានបានបង្កើតការងារផ្ទាល់ប្រមាណ ៣០លាននាក់ និងចូលរួមប្រមាណ១០%នៃ GDP របស់តំបន់។ ដោយឡែក ទេសចរផ្ទៃក្នុងអាស៊ាន (Intra-ASEAN Travelers) មានចំណែករហូតដល់ជាង ៤០% នៃទេសចរអន្តរជាតិសរុប។

ក្នុងរយៈពេល២ឆ្នាំកន្លងទៅនេះ វិបត្តិនៃជំងឺកូវីដ-១៩ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរទៅលើសេដ្ឋកិច្ច-សង្គម ជាពិសេស ឆ្នាំ២០២០ អាស៊ានទាំងមូលទទួលបានទេសចរអន្តរជាតិចំនួនតែ ២៥.៩៦ លាននាក់ ធ្លាក់ចុះ៨០.៥% ហើយចំណូលពីទេសចរណ៍ ធ្លាក់ចុះរហូតដល់៧៥.៨%៕