សង្គម

ជាងសំណង់ឈ្លោះជាមួយប្រពន្ធដុតផ្ទះខ្លួនឯង រាលឆេះអ្នកអ្នកជិតខាងអស់៤ខ្នងនៅខណ្ឌដូនពេញ

ផ្ទះជា​ច្រើន​ខ្នង​ស្ថិត​នៅ​ក្នុង​សង្កាត់ស្រះចក ខណ្ឌដូនពេញ ត្រូវ​បាន​អគ្គិភ័យឆាបឆេះ​កាលពីវេលាម៉ោង​ប្រមាណ១១ យប់ថ្ងៃទី១៤ ខែមករា ឆ្នាំ​២០២២ ក្រោយពីបុរសជាជាងសំណង់ម្នាក់ទាស់ពាក្យសម្ដីជាមួយប្រពន្ធ ក៏យកសាំងចាក់ដុតផ្ទះខ្លួនឯង ហើយ​ក៏​រាលឆេះផ្ទះអ្នកជិតខាង។

តាមប្រភពព័ត៌មាន នៅទីតាំងកន្លែងកើតហេតុ ឱ្យដឹងថា ជនបង្កជាមនុស្សប្រើប្រាស់ថ្នាំញៀន ឱ្យតែពេលចេញពីធ្វើការត្រឡប់មកផ្ទះវិញ ដឹងតែរករឿងឈ្លោះជាមួយប្រពន្ធស្ទើរតែរាល់ថ្ងៃ ស្រាប់តែថ្ងៃនេះ រូបគេក៏ឈ្លោះប្រកែកជាមួយប្រពន្ធ វាយតប់គ្នា ផ្អើលដល់ប្រជាពលរដ្ឋនៅជិតខាងនាំគ្នាជួយឃាត់។ ភ្លាមៗនោះ បុរសជាជនបង្កក៏បានទាញម៉ូតូមួយគ្រឿងជិះចេញទៅទិញសាំង យកមកចាក់ដុតផ្ទះខ្លួនឯងចោល រួចក៏ជិះម៉ូតូគេចចេញពីកន្លែងកើតហេតុបាត់។ ភ្លើងបានឆាបឆេះរាលដាលទៅដល់ផ្ទះប្រជាពលរដ្ឋរស់នៅជិតខាង ឆាបឆេះផ្ទះឈើលើ ថ្មក្រោម ទំហំ ៤ម៉ែត្រ x ៨ម៉ែត្រ ខូចខាតចំនួន ៤ខ្នង និងសម្ភារៈអស់ស្ទេីរទាំងស្រុង។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ម្ចាស់ទីតាំងមានឈ្មោះ លៀង ទិនធី ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរជាងសំណង់។

សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ កម្លាំងជំនាញរបស់ក្រុមបង្ការ ពន្លត់អគ្គិភ័យ បានប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យចំនួន ២១គ្រឿង ប្រើប្រាស់ទឹក អស់២១ឡាន ស្មេីរនឹង ៨៤ម៉ែត្រគូប និងរថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុន OCIC ចំនួន ៦គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មេីរនឹង ៦ម៉ែត្រគូប។ ក្នុងគ្រោះអគ្គិភ័យខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញរបស់យើងបានគ្រប់គ្រង រលត់ទាំងស្រុង នៅវេលាម៉ោង ១២និង២០នាទីយប់រំលងអាធ្រាត្រ៕