លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ កំឡុងចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញនៅខេត្តបាត់ដំបងថា បច្ចុប្បន្ននៅកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ១៩ ប្រភេទអូមីក្រុង ប្រមាណជាង១០០ករណីហើយ ប៉ុន្ដែភាគច្រើនជាករណីនាំចូល។
បើតាមលោកស្រី ឱ វណ្ណឌីន អ្នកជំងឺកូវីដ១៩ ប្រភេទអូមីក្រុងទាំងអស់នោះ គឺកំពុងដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ ខណៈពួកគាត់មិនមានស្ថានភាពឈឺធ្ងន់ធ្ងរនោះទេ។
លោកស្រីបន្ថែមថា ពួកគាត់សុទ្ធតែបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដោយអ្នកខ្លះបាន១ដូស ខ្លះ២ដូស និងមានខ្លះចាក់បាន៣ដូសហើយផងដែរ។
បើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ កម្ពុជាមានករណីឆ្លងជំងឺកូវីដ១៩សរុបចំនួន ១២០៦៧០ ក្នុងនោះករណីអូមីក្រុងឆ្លងក្នុងសហគមន៍មានចំនួន ១៤ករណី៕