គម្រោងស្ពានអាកាសផ្សារស៊ិនជូរីប្លាហ្សា ដែលស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីសហព័ន្ធរុស្ស៊ី និងផ្លូវ២០០៤ គ្រោងនឹងចាប់ផ្តើមស្ថាបនានៅខែមីនា ឆ្នាំ២០២២ខាងមុខនេះហើយ ដើម្បីឲ្យរួចរាល់នៅមុនពេលដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៣។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា ការស្ថាបនាស្ពានអាកាសផ្លូវ២០០៤ផ្សារស៊ិនជូរីប្លាហ្សានេះ នឹងប្រើប្រាស់រយៈពេល ជាង១៤ខែ ហើយចាប់ពីពេលនេះ រហូតដល់ខែមីនា ក្រុមជំនាញ នឹងធ្វើការសិក្សាពីផ្លូវវាង នឹងធ្វើការសិក្សាពីផលប៉ះពាល់មួយចំនួន។
គម្រោងស្ពានអាកាសផ្លូវ២០០៤នេះ មានប្រវែង ៥១៦.២ម៉ែត្រ ប្រវែងបណ្តោយតួស្ពាន ២៣៣,៩ម៉ែត្រ ប្រវែងទទឹងតួស្ពាន ១៥.៨ ម៉ែត្រ កំពស់តួស្ពាន ត្រង់ចំណុចកណ្ដាល ៥.០-៥.៥ម៉ែត្រ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានលើកឡើងថា ស្ពានអាកាសថ្មីនេះ នឹងត្រូវស្ថាបនាទាំងថ្ងៃទាំងយប់ ដើម្បីឲ្យរួចរាល់ទៅតាមគម្រោងដែលបានគ្រោងទុក មានន័យថា ធ្វើឲ្យបានរួចរាល់នៅ មុនដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៉ីហ្គេមឆ្នាំ២០២៣។
ការសង់ស្ពានអាកាសថ្មីនេះ គឺក្រោយពេលដែលរដ្ឋបាលរាជធានីភ្នំពេញបានមើលឃើញថា នៅពេលស្ពានអាកាសនិងផ្លូវក្រោមដីនៃរង្វង់មូលចោមចៅដាក់ឲ្យដំណើរការ លំហូរចរាចរនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី នឹងមកកកស្ទះចរាចរនៅផ្លូវលេខ២០០៤ ក៏ដូចជាផ្លូវលេខ២០១១ កាន់តែខ្លាំង ដោយហេតុនេះ ទើបរដ្ឋបាលរាជធានីភ្នំពេញ ធ្វើការសាងសង់ស្ពានអាកាសថ្មីមួយទៀត នៅចំណុចស្តុបផ្សារស៉ិនជូរីផ្លាហ្សានេះ៕