បើយោងតាមលោក ខាន់ ម៉ាណេរ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា កាម៉េរ៉ាចាប់ល្បឿនដែលបំពាន់នៅតាមបណ្តោយផ្លូវជាតិលេខ៣ នឹងដាក់ឲ្យដំណើរការជាផ្លូវការ និងផាកពិន័យចំពោះអ្នកល្មើសច្បាប់ក្រោយពីរាជរដ្ឋាភិបាលដាក់សម្ពោធជាផ្លូវការនៅចុងខែមករានេះ។
បើតាមលោក ម៉ាណេរ កាមេរ៉ាចាប់ល្បឿនលឿននេះគឺមានសមត្ថភាពចាប់បានអ្នកល្មើសច្បាប់ចរាចរណ៍ និងព័ត៌មានលម្អិតទាក់ទងនឹងយានយន្តដែលធ្វើចរាចរណ៍តាមផ្លូវជាតិលេខ៣។
មន្រ្តីជាន់ខ្ពស់រូបនេះបានបញ្ជាក់ថា នៅពេលមានវត្តមានកាមេរ៉ាចាប់ល្បឿននេះហើយនឹងកាត់បន្ថយកងកម្លាំងនគរបាលចរាចរណ៍នៅតាមគោលដៅ។ លើសពីនេះកាមេរ៉ានេះនឹងជាឧបករណ៍ពញ្ញាក់ស្មារតីពលរដ្ឋគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
សូមបញ្ជាក់ថា កាមេរ៉ាចាប់ល្បឿនឆ្លាតវៃត្រូវបានក្រសួងសាធារណការ និងដឹកជញ្ជូនដំឡើងនៅ១០ទីតាំង លើកំណាត់ផ្លូវជាតិលេខ៣ចាប់ពីចោមចៅទៅខេត្តកំពត ដែលមានប្រវែងសរុប១៣៥គីឡូម៉ែត្រ៕