ក្នុងឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន២៦៧០លើក បើធៀបនឹងឆ្នាំ២០២០ គឺថយចុះ១៦ភាគរយ ដែលមានចំនួន៣១៧៦លើក។ គ្រោះថ្នាក់ចរាចរណ៍បានបណ្តាលឲ្យមនុស្សចំនួន១៤៩៧នាក់បានស្លាប់ ថយចុះ៩ភាគរយ បើធៀបនឹងឆ្នាំមុនមានចំនួន១៦៤៦នាក់។ ចំណែកអ្នករងរបួសមានចំនួន ៣ ៦១៥នាក់ ធៀបនឹងឆ្នាំមុនមាន៤ ៦៨៦នាក់ គឺថយចុះ២៣ភាគរយ។
តាមរយៈរបាយការណ៍ដែលបង្ហាញដោយ សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅក្នុងហ្វេសប៊ុក អត្រាថយចុះគ្រោះថ្នាក់ចរាចរណ៍ ថយចុះអ្នកស្លាប់ និងថយចុះអ្នករបួស គឺឆ្លុះបញ្ជាំងពីការចូលរួមរបស់ពលរដ្ឋ ក្នុងការគោរពច្បាប់ចរាចរណ៍ផ្លូវគោក។ ជាពិសេសបង្ហាញពីសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ដែលបានប្រតិបត្តិការអនុវត្តច្បាប់ចរាចរណ៍ប្រកបដោយវិជ្ជាជីវៈ។
សម្រាប់សម្តេច ស ខេង ទោះបីជាលទ្ធផលបានបង្ហាញពីការថយចុះគ្រោះថ្នាក់ចរាចរណ៍ ទាំងអាត្រាអ្នកស្លាប់ និងរងរបួសយ៉ាងដូច្នេះក្តី ប៉ុន្តែស្ថានភាពគ្រោះថ្នាក់ចរាចរណ៍នៅពេលនេះ នៅតែជាសោកនាដកម្មសម្រាប់ប្រជាពលរដ្ឋខ្មែរនៅឡើយដោយធ្វើឲ្យមនុស្សច្រើនរាប់ពាន់នាក់ក្នុងមួយឆ្នាំៗបានបាត់បង់ជីវិត រងរបួស និងខូចខាតទ្រព្យសម្បត្តិ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជាក់ពីមូលហេតុដែលនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមកពី ការបើកបរដោយល្បឿនលឿនចំនួន៣៨ភាគរយ ,ការមិនគោរពសិទ្ធមានចំនួន២៤ភាគរយ, ការមិនប្រកាន់ស្តាំមានចំនួន១៤ភាគរយ ,ការប្រជែងគ្រោះថ្នាក់មាន៨ភាគរយ បត់ឆ្វេង-ស្តាំមិនប្រយ័ត្នមាន៨ភាគរយ ស្រវឹង៤ភាគរយ កត្តាយានយន្តមាន៣ភាគរយ និងងងុយមាន១ភាគរយ។
សម្តេច ស ខេង បានអំពាវនាវដល់ពលរដ្ឋគោរព និងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់ពេលវេលារាល់ការធ្វើដំណើរលើដងផ្លូវ ត្រូវបើកបរដោយមានការយោគយល់អធ្យាស្រ័យឱ្យគ្នា ដើម្បីការពារសេចក្ដីសុខខ្លួនយើង អ្នកដំណើរផ្សេងទៀតលើដងផ្លូវ ដើម្បីចៀសផុតពីគ្រោះថ្នាក់។ ជាមួយគ្នានេះមន្ត្រីក៏ត្រូវបង្កើនការបន្តរឹតបន្តឹងការអនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក ឱ្យបានសកម្ម គ្មានការលើកលែង ឬយោគយល់អ្វីទាំងអស់៕