ដូចការគ្រោងទុក នៅម៉ោងប្រមាណ ៧យប់ ថ្ងៃទី២៨ ខែធ្នូ វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ប្រភេទ Pfizer ចំនួន ១ ៥៦៧ ៥៣០ ដូស ត្រូវបានដឹកជញ្ជូនតាមយន្តហោះពិសេស មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញហើយ។
លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ដែលបានអញ្ជើញទៅទទួលវ៉ាក់សាំង នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាយប់ថ្ងៃទី២៨ ខែធ្នូបានឲ្យដឹងថា រហូតមកដល់ពេលនេះ កម្ពុជាទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សរុបជាង ៤៣លានដូសហើយ។
យ៉ាងណាក៏ដោយ លោកជំទាវ យក់ សម្បត្តិ មិនបានបញ្ជាក់ថា នៅពេលណា ទើបកម្ពុជាប្រើប្រាស់ថ្នាំវ៉ាក់សាំង Pfizer ដែលជាជំនួយរបស់ប្រទេសអូស្ត្រាលីនេះទេ។ តែលោកជំទាវ លើកឡើងថា ថ្នាំវ៉ាក់សាំងនេះ ត្រូវរក្សាទុកក្នុងសីតុណ្ហភាពត្រជាក់ខ្លាំង រហូតដល់ ដក ៨០អង្សាសេ ដែលកម្ពុជាមានកន្លែងរក្សាទុកថ្នាំវ៉ាក់សាំងនេះ បានយ៉ាងល្អ។
គួររំលឹកថា កាលពីយប់ថ្ងៃអាទិត្យ ទី២៦ធ្នូ ថ្នាំវ៉ាក់សាំង Pfizer ចំនួន ៧៨៣ ០០០ដូស ដែលជាជំនួយអូស្ត្រាលី ត្រូវបានដឹកជញ្ជូនតាមយន្តហោះពិសេស មកដល់កម្ពុជា ដោយមានវត្តមានរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងតំណាងស្ថានទូតអូស្ត្រាលី បានអញ្ជើញទៅទទួល។
នៅពេលនោះសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា វ៉ាក់សាំង Pfizer ជាជំនួយរបស់ប្រទេសអូស្ត្រាលី សរុបទាំង ២លើក ចំនួនជាង ២,៣លានដូសនេះ នឹងត្រូវប្រើប្រាស់ជាដូសជំរុញ ពោលគឺចាក់ជាដូសទី៣ សម្រាប់ប្រជាពលរដ្ឋកម្ពុជា ដែលទើបតែចាក់វ៉ាក់សាំងបាន ២ដូស និងចាក់ជាដូសទី៤ សម្រាប់ពេទ្យ និងមន្ត្រីជួរមុខ ដែលចាក់វ៉ាក់សាំង បាន ៣ដូសរួចមកហើយ៕