សង្គម

ក្រសួងការពារជាតិ​នឹង​ប្រារព្ធ​ពិធី​យ៉ាង​អធិកអធម​នៅ​ក្នុង​បរិវេណ​វិមាន​ឈ្នះឈ្នះ​ នៅ​ថ្ងៃឆ្លង​ឆ្នាំ

ក្រសួងការពារជាតិកម្ពុជា នឹងប្រារព្ធពិធីយ៉ាងអធិកអធម ក្នុងបរិវេណវិមាន ឈ្នះ ឈ្នះ ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៣០ ដល់យប់រំលងអធ្រាត្រថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១នេះដើម្បីអបអរសាទរខួប២៣ឆ្នាំ នៃទិវានយោបាយ ឈ្នះ ឈ្នះ និងខួបលើកទី៣ ការដាក់ឲ្យដំណើរការជាសាធារណៈនៃវិមាន ឈ្នះ ឈ្នះ ។

ថ្លែងប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីចុះត្រួតពិនិត្យ នូវការរៀបចំស្តង់តាំង​ពិព័រណ៍ សម្រាប់​សមិទ្ធផល​តាមបណ្តាអង្គភាពនានាចំណុះឲ្យក្រសួងការពារជាតិ ​នៅវិមាន ឈ្នះ ឈ្នះ ​នាព្រឹកថ្ងៃ ទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ ​នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ​ទីប្រឹក្សា​ពិសេសសម្តេចពិជ័យសេនា ទៀ បាញ់ និង​ជាអគ្គ នាយកអគ្គនាយកដ្ឋាននយោបាយកិច្ចការបរទេស ​និងជាប្រ ធានក្រុមការងារសិក្សាស្រាវជ្រាវ និងសាងសង់ វិមានឈ្នះ ឈ្នះ បានឲ្យដឹងថា​ នៅក្នុងឱកាសប្រារព្ធ​ពិធីខាងលើនេះ ​នឹងមានការ​ប្រគំតន្ត្រី ​បាញ់កាំជ្រួច និងពិធីកំសាន្តនានាជាច្រើនទៀត​ ដើម្បីអបអរសាទរខួបខាងលើនេះ បន្ទាប់​ពី​អាក់ខាន​មួយ ឆ្នាំកន្លងទៅ ដោយសារបញ្ហានៃការរីករាលដាលនូវមេរោគកូវីដ-១៩នោះ។

ក្នុងសន្និសីទសារព័ត៌មាននោះ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ​រំឮកអំពីអត្ថន័យនៃសំណង់វិមានឈ្នះ ឈ្នះថាៈ វិមាននេះគឺជាកំពូលដែលមានជ្រុងបី​តំណាង​ឲ្យ​នយោបាយ​គន្លឹះសំខាន់ៗចំនួន ៣នាំឲ្យនយោបាយឈ្នះ ឈ្នះ​ទទួលបាន​ជោគជ័យ៖
ទី១-ការធានារូបកាយ និងអាយុជីវិត,
ទី២-ធានាអាជីព និងមុខរបរ
ទី៣-ការធានាកម្មសិទ្ធិ និង​ទ្រព្យ​សម្បត្តិ ទាំងចលនទ្រព្យ និងអចលនទ្រព្យ)
ទី៤- តួវិមានដែលមានជ្រុង
ទី៥ តំណាងឲ្យយុទ្ធ​សាស្ដ្រ DIFID (បំ បែក ឯកោបញ្ចប់ ធ្វើសមាហរណកម្ម និង អភិវឌ្ឍ)ដែលជាយុទ្ធសាស្ដ្ររំលាយ​អង្គការ​ចាត់តាំងនយោបាយ និងយោធាខ្មែរក្រហម និងសារសំខាន់ទី៣- តួវិមានមានជ្រុង ប្រាំពីរ តំណាងកត្តា​នាំឲ្យនយោបាយ ឈ្នះ-ឈ្នះ ទទួលបានជោគ ជ័យ ។

នៅជាប់លើវិមានមានឆ្លាក់សិលាចារឹក​ចំនួន២ផ្ទាំង គឺសិលាចរឹកផ្ទាំងទី១ បង្ហាញពីជោគជ័យ​នៃ​នយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលធ្វើ​ឱ្យ​ប្រទេស​ជាតិ​ទាំងមូល​ ទទួលបានសុខ​សន្តិភាព​ពេញ លេញ​ មានឯកភាពជាតិ និងឯកភាពទឹកដី​ទាំងស្រុង​ចាប់ពីចុង ឆ្នាំ ១៩៩៨មក។ ​

អត្ថន័យនៃការកសាងវិមាន​ ឈ្នះ ឈ្នះ​ គឺចារឹក និងតម្កល់និមិត្តរូប វត្ថុតាង ​និងសមិទ្ធផលទាំង​អស់ដែលពាក់ព័ន្ធទុកជាការចងចាំ និងជាមេរៀន​សម្រាប់មនុស្សជំនាន់​ក្រោយតរៀង ទៅ ។ សិលាចរឹកផ្ទាំងទី២​ បង្ហាញអំពីការបញ្ចុះបឋមសិលាសាង​សង់វិមានឈ្នះ-ឈ្នះ នាម​សប្បុរសជនដែលកសាងថែទាំ​ ការពាររួមទាំងការអំពាវនាវរបស់​សប្បុរសជន​ទាំង ឡាយ ដែល​មានបំណងល្អចំពោះសំណង់ប្រវត្តិសាស្ត្រ។

យ៉ាងណាក៏ដោយ នៅក្នុងឱកាស​ប្រារព្ធ​ពិធី​យ៉ាង​អធិកអធម ខួប២៣ឆ្នាំនៃទិវានយោបាយ ឈ្នះ ឈ្នះ និងខួបលើកទី៣នៃការដាក់ឲ្យដំណើរ​ការជាសាធារណៈនៃវិមាន ឈ្នះ ឈ្នះនេះដែរនាយ​ឧត្តមសេនីយ៍​ ណឹម សុវត្ថិ ​ក៏បានអំពាវនាវដល់បង ប្អូនជនរួមជាតិ ដែលនឹងចូលទស្សនាកំសាន្ត​គប្បី​ត្រូវធ្វើជា​ ម្ចាស់ ការដោយខ្លួនឯង ​ពោលគឺត្រូវបន្តគោរពឲ្យបានខ្ជាប់ខ្ជួននូវវិធាន​ការរបស់​រាជ​រដ្ឋាភិបាល ​និងក្រសួង សុខាភិបាលក្នុងកិច្ចការពារ​ និងទប់ស្កាត់ការរីករាលដាលនូវមេរោគកូវីដ១៩ ជាពិសេសគឺមេរោគកូវីដ១៩ ​បំប្លែងថ្មី ប្រភេទអូមីក្រុងនេះតែម្តង។

សូមបញ្ជាក់ថា នៅក្នុងពិធីខួប២៣ឆ្នាំនៃទិវានយោបាយ ឈ្នះ ឈ្នះ និងខួបលើកទី៣​នៃការដាក់ឲ្យ​ដំណើរការជាសាធារណៈវិមាន ឈ្នះ ​ឈ្នះ ​នឹងប្រារព្ធឡើងក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការ ពារជាតិ ​និងជាប្រធានក្រុមការងារ សាងសង់វិមានឈ្នះ ឈ្នះតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕