កំពង់ចាម ៖ សកម្មភាពសាឡង់បូមខ្សាច់ បានធ្វើកម្មភាពបូមខ្សាច់ជារៀងរាល់យប់ថ្ងៃ តាមដងទន្លេមេគង្គ ស្ថិតក្នុងភូមិសាស្ត្រស្រុកស្រីសន្ធរខេត្តកំពង់ចាម ដោយពលរដ្ឋបានសំណូមពរដោយអាជ្ញាធរ ពិសេសក្រសួងពាក់ព័ន្ធ សូមមានវិធានការផ្លូវច្បាប់ជាបន្ទាន់ ដើម្បីបញ្ជៀសបញ្ហាបាក់ច្រាំងមាត់ទន្លេយ៉ាងធ្ងន់ធ្ងរ អាចបន្តបាក់ដល់ផ្ទះសម្បែងរបស់ពួកគាត់ទៀតផង។ពលរដ្ឋដែលមានផ្ទះសម្បែងនៅតាមមាត់ទន្លេមេគង្គ ស្ថិតនៅក្នុងភូមិសន្ទៃ និងភូមិរការទ្វារ ឃុំព្រែកពោធ៌ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានអោយដឹងថាបច្ចុប្បន្ននេះក្រុមហ៊ុនបូមខ្សាច់ បានធ្វើការបូមខ្សាច់យ៉ាងជារៀងរាល់យប់ថ្ងៃ បណ្តាលអោយបាក់ច្រាំងមាត់ទន្លេយ៉ាងធ្ងន់ធ្ងរអាចឈានទៅដល់បាត់បង់ដីផ្ទះសម្បែងរបស់ពលរដ្ឋទៀតផង។
ប្រជាពលរដ្ឋបានលើកឡើងថា បើច្រាំងមាត់ទន្លេនៅតែបន្តបាក់ឥតឈប់ឈរបែបនេះ អាចបន្តបាក់រហូតដល់ដីផ្ទះសម្បែងរបស់ពួកគាត់ទៀតផង។ដោយពួកគាត់បានសំណូមពរដល់អាជ្ញាធរនៅក្នុងមូលដ្ឋាន ពិសេសក្រសួងពាក់ព័ន្ធ សូមមានចំណាត់ការផ្លូវច្បាប់ទៅលើក្រុមហ៊ុនបូមខ្សាច់ខាងលើ ដើម្បីបញ្ចៀសបញ្ហាបាក់ច្រាំងទន្លេយ៉ាងធ្ងន់ធ្ងរជាទីបំផុត។សូមបញ្ជាក់ផងដែរថាកាលពីពេលកន្លងទៅនេះ យ៉ាងហោចណាស់មានពលរដ្ឋ៨០ភាគរយហើយ ដែលមានដីធ្លីនៅតាមមាត់ទន្លេមេគង្គ ស្ថិតក្នុងភូមិសាស្រ្តស្រុកស្រីសន្ធរ បាននាំគ្នាលក់ទៅអោយក្រុមហ៊ុនបូមខ្សាច់គ្រប់ៗគ្នា។មហាជនបានលើកឡើងថាប្រជាពលរដ្ឋដែលលក់ដីធ្លីតាមមាត់ទន្លេទៅអោយក្រុមហ៊ុនបូមខ្សាច់ខាងលើ នេះ ថ្ងៃក្រោយបើសិនជាមានការបាក់ដីច្រាំងមាត់ទន្លេបណ្តាលអោយបាត់បង់ផលដំណាំជាដើម ប្រជាពលរដ្ឋទាំងនោះមិនអាចមានសិទ្ធប្តឹងផ្តល់ទៅក្រុមហ៊ុនបូមខ្សាច់ខាងលើបានទេ។
សូមបញ្ជាក់ថា ពលរដ្ឋរស់នៅក្នុងភូមិសន្ទៃ និងភូមិរការទ្វា ដែលមានផ្ទះសម្បែងនិងផលដំណាំ នៅជាប់និងមាត់ទន្លេមេគង្គ បានសំណូមពរដល់លោកស៊ីមគង់ អភិបាលស្រុកស្រីសន្ធរ និងឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម សូមមេត្តាជួយមានវិធានការទៅលើក្រុមហ៊ុនបូមខ្សាច់ខាងលើ អោយទៅបូមខ្សាច់ អោយឆ្ងាយពីមាត់ច្រាំងទន្លេនិងផ្ទះសម្បែងរបស់ពួកគាត់(ពោល)គឺធ្វើសកម្មភាពបូមខ្សាច់តាមបទដ្ឋានច្បាប់ដែលបានអនុញ្ញាតិពីរបស់ក្រសួងពាក់ព័ន្ធ។ពាក់ព័ន្ធជុំវិញករណីខាងលើនេះលោកស៊ីមគង់ អភិបាលស្រុកស្រីសន្ធរ បានប្រាប់តាមទូរស័ព្ទថា «គាត់ជាប់រវល់ប្រជុំបន្តិច»។ដោយឡែកឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានប្រាប់តាមប្រព័ន្ធតេឡេហ្កាម(Telegram)(ទទួលបាន ខ្ញុំនឹងចាត់មន្ទីរជំនាញចុះពិនិត្យ និងដោះស្រាយ)។
សូមបញ្ជាក់បន្ថែមថា ពលរដ្ឋដែលរងគ្រោះដោយសារបាក់ច្រាំងមាត់ទន្លេខាងលើនេះ បានបញ្ជាក់ថាពួកគាត់មិនបានលក់ដីធ្លីទៅអោយក្រុមហ៊ុនបូមខ្សាច់ខាងលើ ដូចពលរដ្ឋដដ៌ទៃទៀតនោះទេ។ពលរដ្ឋខាងលើនាំគ្នាត្រេតអរជាខ្លាំង នៅចំណាត់ការរបស់ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដែលបានជួយដោះស្រាយបញ្ហានិងទុក្ខលំបាករបស់ពួកគាត់៕
ដោយ: សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299