បន្ទាប់ពីមានពាក្យបណ្តឹងរបស់លោក យិន សារឹទ្ធ និងប្រពន្ធដែលរស់នៅភូមិថ្លុកដូងទុំ បានដាក់ពាក្យទៅអភិបាលស្រុកព្រៃកប្បាស ប្តឹងលោក ឃន សុខេង មេឃុំបានកាម និងលោក ណុប ស្រិន ជំទប់ទី១ ពីរឿងដកយកដីឯកជនទៅដាក់ជាដីរួម ក្រោយពីមានការចុះមកធ្វើប្លង់ជាប្រព័ន្ធនោះ ឥឡូវនេះ មានពលរដ្ឋ១គ្រួសារទៀតហើយ បានដាក់ពាក្យប្តឹងលោកមេឃុំ និងបក្ខពួក ដែលបានដកដីស្របច្បាប់របស់គាត់ទៅដាក់ជាដីរួមដែរ។
លោក សុក ម៉ុល អាយុ៧០ឆ្នាំ រស់នៅភូមិដូងខ្ពស់ ឃុំបាកាម បានលើកឡើងនៅក្នុងពាក្យបណ្តឹងដែលបានដាក់ជូនទៅអភិបាលស្រុកព្រៃកប្បាសថា លោក ឃន សុខេង មេឃុំបានកាម រួមជាមួយលោក ណុប ស្រិន ក្រុមប្រឹក្សាឃុំ បាននាំគ្នាដកហូតដីអាស្រ័យផលស្របច្បាប់របស់គាត់ចំនួន ១៨អា ស្ថិតនៅភូមិដូងខ្ពស់ ឃុំបានកាម យកទៅទុកជាសម្បត្តិរដ្ឋដោយគ្មានមូលហេតុច្បាស់លាស់ ទាំងដែលលោកមានឯកសារកាន់កាប់ពីអាជ្ញាធរមូលដ្ឋានតាំងពីឆ្នាំ១៩៨៤មកម្ល៉េះ។
គួរបញ្ជាក់ដែរថា កាលពីពេលថ្មីៗនេះលោក ឃន សុខេង និងលោក ណុប ស្រិន ក៏បានរងបណ្តឹងពីពលរដ្ឋជាច្រើននាក់ផងដែររឿងយកអំណាចរបស់ខ្លួនដើរដកដីរបស់ពលរដ្ឋដែរជាកម្មសិទ្ធឯកជនទៅទុកជាសម្បិត្តរួម៕