បើតាមការជូនដំណឹងរបស់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ បានឲ្យដឹងថា ចាប់ពីថ្ងៃព្រហស្បត្តិ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២១នេះតទៅ ឱសថម៉ូលណាទ្រីស សម្រាប់ព្យាបាលជំងឺកូវីដ១៩ចាប់ពីកម្រិតស្រាលទៅមធ្យមចំពោះមនុស្សពេញវ័យ នឹងត្រូវធ្វើការចែកចាយទៅកាន់មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង និងសាធារណជនទូទៅហើយ។
ឱសថនេះ មានតម្លៃ ៥៥ដុល្លារអាមេរិកក្នុង១ដូស (១ដូស ស្មើនឹង១កំប៉ុង មាន៤០គ្រាប់) ហើយអ្នកដែលអាចទិញបាន ត្រូវមានលក្ខខណ្ឌចំនួន៣ ៖
– បុគ្គលម្នាក់ មានសិទ្ធិបញ្ជាទិញពី ៥ ដល់ ១០ដូស
– មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន និងឱសថស្ថានរង មានសិទ្ធិបញ្ជាទិញពី១០ ដល់២០០ដូស ហើយអាចលក់បន្តមិនលើសពី៦៥ដុល្លារអាមេរិកក្នុង១ដូស
– មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង និងសាធារណជន អាចបញ្ជាទិញសារជាថ្មីយ៉ាងតិច ២សប្តាហ៍ក្រោយបញ្ជាទិញលើកចុងក្រោយ។
សម្រាប់ទីតាំងដែលអាចបញ្ជាទិញបាន គឺស្ថិតនៅទីស្តីការក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍៕