សង្គម

ចាប់ពីថ្ងៃទី១៥ ធ្នូនេះ អាកាសធាតុនឹងចុះត្រជាក់ដល់ ១៧អង្សា

តាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និង​ឧតុនិយម​បាន​ឲ្យដឹងថា នៅ​រយៈ​ពេលនេះ ព្រះរាជាណាចក្រ​កម្ពុជា នឹង​ទទួល​នូវ​ឥទ្ធិពល​សម្ពាធ​ទាប​ខ្សោយ​, ទ្រនុង​សម្ពាធ​ខ្ពស់​ពី​ជើង (​ចិន​) និង​ខ្យល់មូសុង​ឦសាន​។ នៅ​ល្ងាច​ថ្ងៃទី​១៣ ខែធ្នូ ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក បានកើត​ឡើង​នូវ​ព្យុះ​ទី​២២ ឈ្មោះ រ៉ា​យ (RAI) ​ដែល​អាចមាន​ដំណើ​រឆ្ល​ង​កាត់​ប្រទេស​ហ្វីលីពីន ចូលក្នុង​សមុទ្រ​ចិន​ខាងត្បូង​។​

​ក្នុងអំឡុង​ថ្ងៃទី​១៩-២១ ខែធ្នូ ព្យុះ​នេះ​មាន​ទិសដៅ​តម្រង់​ទៅ​ប្រទេស​វៀតណាម ក្បែរ​ឆ្នេរ​រួច​ងាក​ចេញមក​ក្បែរ​កោះ​ហាយ​ណាំ​វិញ ដោយ​បន្តដំណើរ​ឡើង​ទៅលើ​ក្នុង​សមុទ្រ ដែល​ឥទ្ធិពល​ក៏​ថមថយ​ជា​បន្តបន្ទាប់​ផងដែរ​។ ព្យុះ​នេះ​មាន​ឥទ្ធិពល​បន្តិចបន្តួច មកលើ​តំបន់​ខ្ពង់រាប​ភាគ​ឦសាន​ប្រទេស​កម្ពុជា​។ ស្ថានភាព​បែបនេះ​នឹងធ្វើ​ឲ្យ​៖

១៖ បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៥ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ៣៤-៣៦°C
* ដោយឡែក នៅ​ថ្ងៃទី​២០-២១ ខែធ្នូ អាកាសធាតុ​ចាប់​ចុះ​ត្រជាក់ ដោយ​សីតុណ្ហភាព​អប្បបរមា មាន​ពី​១៧-១៩°C និង​អតិបរមា មាន​ពី​២៥-២៧ °C ។​

២៖ បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២២-២៤ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ៣៣-៣៦ °C
* នៅ​ថ្ងៃទី​១៩ ខែធ្នូ អាចមាន​ពពក​ច្រើន​, មាន​ភ្លៀង​ខ្សោយ និង​ខ្យល់​ខ្លាំង​។​
* ដោយឡែក នៅ​ថ្ងៃទី​២០-២១ ខែធ្នូ អាកាសធាតុ​ចាប់​ចុះ​ត្រជាក់ ដោយ​សីតុណ្ហភាព​អប្បបរមា មាន​ពី​១៦-១៨ °C និង​អតិបរមា​មាន​ពី​២៥-២៧ °C ។​

៣៖​តំបន់​មាត់សមុទ្រ​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៥ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ៣៣-៣៥ °C
* ដោយឡែក នៅ​ថ្ងៃទី​២០-២១ ខែធ្នូ អាកាសធាតុ​ចាប់​ចុះ​ត្រជាក់ ដោយ​សីតុណ្ហភាព​អប្បបរមា​មាន​ពី​១៩-២១ °C និង​អតិបរមា មាន​ពិ​២៧-២៩°C៕​